(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មីជាតិ បានសហការជាមួយមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការ អប់រំផ្សព្វផ្សាយ ដល់សហគមន៍ ស្តីពីការបង្ការ ការពារជំងឺគ្រុនឈាម និងការដាក់ថ្នាំអាបែត ជូនប្រជាពលរដ្ឋនៅភូមិគោរដ្ឋាន ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងដោយមានការចូលរួមពីសំណាក់ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ, លោកអភិបាល ក្រុងសិរីសោភ័ណ, ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ មន្ត្រីរាជការ ស្ថាប័នជុំវិញ រដ្ឋបាលខេត្ត បន្ទាយមានជ័យ និងតំណាងប្រជាពលរដ្ឋ១០០គ្រួសារ។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានថ្លែងថា «រដូវវស្សាបានខិតមកដល់ មូសខ្លាក៏ចាប់ផ្តើមពងកូន ព្រមជាមួយសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ស្ថានភាពជំងឺគ្រុនឈាម នៅកម្ពុជា ក្នុងដើមឆ្នាំ២០២២នេះ មានចំនួនកើនឡើង បើធៀបនឹងឆ្នាំ២០២១។ ដោយមើលឃើញពីស្ថានភាពនេះ មីជាតិ បានសម្រេចជ្រើសរើស ខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តគម្រោង នៃការចូលរួមអប់រំផ្សព្វផ្សាយអំពីវិធានការ បង្ការជំងឺគ្រុនឈាម ព្រមជាមួយសកម្មភាពគាំទ្រដទៃទៀត ដើម្បីចូលរួមបញ្ចៀស អត្រាអ្នកកើតជំងឺគ្រុនឈាម ក្នុងមូលដ្ឋានខេត្ត»។

លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននានា សូមចូលរួមសហការ ជាមួយមន្ត្រីមន្ទីរសុខាភិបាល ដែលចុះធ្វើសកម្មភាពដាក់ថ្នាំអាបែត ដើម្បីកំចាត់មូសខ្លា លុបបំបាត់ជំងឺគ្រុនឈាមឲ្យបានទាំងគ្នា នៅតាមលំនៅដ្ឋានរៀងៗខ្លួន និងសូមបងប្អូនចូលរួមសម្អាតបរិស្ថាននៅជុំវិញលំនៅដ្ឋានរបស់ខ្លួន ឲ្យមានអនាម័យល្អ ដើម្បីឈានទៅលុបបំបាត់ ជម្រកមូសខ្លាពងកូន ដែលជាប្រភពចម្លងជំងឺគ្រុនឈាមឲ្យអស់ជាស្ថាពរ។

នាឱកាសនោះដែរ លោកស្រី រស់ សុផានី បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ របស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងធនធាន ក្នុងការចូលរួមឆ្លើយ តបបន្ទាន់ ស្របជាមួយការអំពាវនាវរបស់ ក្រសួងសុខាភិបាលអំពីការចូលរួមបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នារដូវវស្សានេះ។

លោកស្រីបានបន្តទៀតថា ការចូលរួមសកម្មភាពនេះ ជាឆន្ទៈដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជន ចូលរួមគាំទ្រ ដោយផ្ទាល់មកកាន់មូលដ្ឋាន ដែលមានតម្រូវការចាំបាច់តាមរយៈការបង្កើត នូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមទប់ស្កាត់ និងការពារការផ្ទុះឡើងវិញ នូវជំងឺគ្រុនឈាម ក្នុងខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា បន្ថែមពីការចូលរួមផ្សព្វផ្សាយ អំពីវិធានបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ក៏បានចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ នូវស្បៀងអាហារ រួមមានអង្ករ មីជាតិ ទឹកពិសាវីតាល់ មុង សាប៊ូ និងថវិកា។

មីជាតិក៏បានពាំនាំអំណោយមីជាតិ និងវីតាល់ជាច្រើនកេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងមន្ទីរសុខាភិបាលខេត្តផងដែរ។ សកម្មភាពទាំងនេះ អាចកើតឡើងបានក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់ មុនដំបូងគេនៅកម្ពុជា និងមានរសជាតិខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ។ ដូច្នេះដើម្បីការរីកចម្រើនរបស់សង្គមជាតិយើង និងដើម្បីមោទនភាព កិត្តិយសរបស់ខ្មែរ សូមបន្តគាំទ្រ និងរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។ យើងរួមគ្នា ដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕