(ភ្នំពេញ)៖ បវរកញ្ញាឯកកូនកាន់ខ្មែរសុរិន្ទ កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង «Miss Grand Surin» ឆ្នាំ ២០២២ នឹងក្លាយជាបេក្ខភាពប្រកួតផ្លូវការ របស់កម្មវិធី Miss Grand Cambodia បន្ទាប់ពីបានធ្វើការប្រកួតជម្រុះជាច្រើនវគ្គ ហើយត្រូវបានគណៈកម្មការមើលឃើញពីសមត្ថភាព និងរូបសម្រស់ស័ក្តិសម ក្នុងការចូលរួមប្រកួតនៅវគ្គបន្ត។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia បានបញ្ជាក់ថា កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង នឹងក្លាយជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពផ្លូវការទាំង ៣៥នាក់ ដោយស្វ័យប្រវត្តិរបស់កម្មវិធីនៅឆ្នាំ ២០២២នេះ។ កញ្ញាឯក ប៉ានរ៉ាត់ ពិនម៉ឹង ជា Miss Grand ខ្មែរសុរិន្ទ ដែលទទួលបានជយលាភីពីស្ថាប័ន Miss Grand Surin 2022។

កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង មានអាយុ ២៣ឆ្នាំ មានកម្ពស់ ១,៧៥សង់ទីម៉ែត្រ និងមានទម្ងន់ ៥៦គីឡូ ជាមួយនឹងទំហំទាំង៣ គឺ ៣៤,២៤, ៣៦។ ប៉ានរ៉ាត់ ពិនម៉ឹង គឺជា Miss Grand Surin ដែលមានឪពុកម្ដាយជាជនជាតិខ្មែរ។

កម្មវិធី Miss Grand Cambodia នឹងធ្វើការបង្ហាញបេក្ខនារីផ្លូវការទាំង ៣៥នាក់ ហើយធ្វើការបោះឆ្នោត ដើម្បីស្វែងរកបេក្ខនារីម្នាក់ដែលមានប្រជាប្រិយភាព ទៅកាន់បេក្ខភាពកំពូលទាំង១៥នាក់ ចុងក្រោយ តាមរយៈរូបថត និងវីដេអូ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

សូមបញ្ជាក់ថា កម្មវិធី Miss Grand Cambodia នឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីស្វែងរកម្ចាស់គ្រងមកុដដ៏ស័ក្តិចំនួនមួយរូប និងតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ៕