(អង់គ្លេស)៖ តុលាការកំពូលក្នុងទីក្រុងឡុងដ៍ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានចេញសេចក្តីសម្រេចថា តារាចម្រៀង Ed Sheeran និងអ្នកនិពន្ធរបស់លោក ត្រូវទទួលបានប្រាក់ចំនួន ៩០០,០០០ផោន ឬជាង១លានដុល្លារអាមេរិក បន្ទាប់ពីឈ្នះក្តី ជុំវិញសំណុំរឿង «កម្មសិទ្ធិបញ្ញា» លើស្នាដៃចម្រៀង «Shape of You»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Time នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

តារាចម្រៀងល្បីឈ្មោះ របស់អង់គ្លេសវ័យ ៣១ឆ្នាំ Ed Sheeran បានឡើងតទល់ក្តីនៅតុលាការ ក្រោយមានបណ្តឹងមួយពីតារាចម្រៀង Sami Chokri ថាលោកបានលួចចម្លងស្នាដៃចម្រៀង «Oh Why» ដើម្បីដាក់បញ្ចូលក្នុងបទ «Shape of You»។ យ៉ាងណាមិញ បន្ទាប់ពីតស៊ូក្នុងរឿងក្តី តាំងពីឆ្នាំ២០១៨មក នៅអំឡុងខែមេសា ឆ្នាំ២០២២នេះ តុលាការកំពូលរបស់អង់គ្លេស បានសម្រេចកាត់ក្តីឲ្យ លោក Ed Sheeran ម្ចាស់ចម្រៀង «Shape of You» ឈ្នះក្តី ដោយអះអាងថា ស្នាដៃចម្រៀងមួយនេះ លោកមិនបានលួចចម្លងពីចម្រៀងផ្សេងឡើយ។

តុលារការដដែលបានចេញក្តីសម្រេចថ្មីមួយ នៅថ្ងៃពុធសប្តាហ៍នេះ ដោយតម្រូវឲ្យអ្នកចាញ់ក្តី គឺ Sami Chokri និង Ross O’Donoghue បង់ប្រាក់ឲ្យ Ed Sheeran ចំនួន៩០០,០០០ផោនផងដែរ។

គួរជម្រាបថា បទចម្រៀង «Shape of You» គឺជាបទចម្រៀងអង់គ្លេស ដែលល្បីខ្លាំង និងលក់ដាច់បំផុតប្រចាំឆ្នាំ ២០១៧ នៅចក្រភពអង់គ្លេស ហើយជាបទចម្រៀងដែលពេញនិយមបំផុត របស់កម្មវិធីចម្រៀង Spotify ផងដែរ។ ចម្រៀងនេះជាស្នាដៃសរសេររួមគ្នា ដោយលោក Sheeran ,លោក John McDaid និងអ្នកផលិតកម្មវិធី Steven McCutcheon៕