(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលជាប្រធានសហព័ន្ធ បានកំណត់យុទ្ធសាស្ដ្រ៣ ដើម្បីជំរុញការអភិវឌ្ឍ និងឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់លោក ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ដឆមាសទី២ ឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅថ្ងៃទី២២ ខែមិថុនានេះ។សន្និបាតនេះ ក៏មានការចូលរួមជាសក្ខីភាពពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាផងដែរ។

យុទ្ធសាស្ដ្រទាំង៣ ដែលត្រូវបានអគ្គលេខាធិការសហព័ន្ធប្រកាសដាក់ចេញក្នុងអង្គសន្និបាត សម្រាប់យកធ្វើជាគោលការណ៍ និងអភិក្រមតម្រង់ទិសដៅនោះ រួមមាន៖
១-យកបទពិសោធន៍ និងបញ្ហាប្រឈមការងារកន្លងមក ធ្វើជាកាលានុវឌ្ឍភាព នៃការកែលម្អចំណុចខ្វះខាតក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនគោលកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
២-គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មការជំនាញទាំងអស់ ត្រូវពង្រឹងយន្តការការងារ ដោយគោរពក្រមប្រតិបត្តិ និងក្រមសីលធម៌ការងារឲ្យបានខ្ជាប់ខ្លួន ដោយអនុវត្តតាមការណែនាំតម្រងរបស់ក់ដឹកនាំ ដើម្បីបង្កើតសុខដុមនីយកម្មការងារ និងប្រសិទ្ឋភាពការងាររបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា។
៣-ផែនការសកម្មភាពឆមាសទី២ ឆ្នាំ២០២២ និងឆ្នាំ២០២៣ ពិតជាមានសារៈសំខាន់ និងជាពេលវេលា ត្រៀមសហការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងន័យនេះ សូមគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មការជំនាញដាក់ចេញនូវការប្តេជ្ញាចិត្ត ឆន្ទៈមោះមុត ដែលជាសម្មិតិកម្មគន្លឹះ ក្នុងភាពជោគជ័យសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣។

ជាមួយគ្នានឹងការដាក់ចេញនូវយុទ្ធសាស្ដ្ររបស់សហព័ន្ធខាងលើ លោក វ៉ាត់ ចំរើន ក៏បានចែករំលែកនូវបទពិសោធន៍ និងការណែនាំបន្ថែមដល់សហព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនផងដែរ ពិសេសលើការងារបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដ្បិតសល់ពេលប្រហែល ១០ខែទៀតប៉ុណ្ណោះ។ ក្នុងនោះលោកបានជំរុញសហព័ន្ធ ត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ក្នុងការស្វែងរមេដាយ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ CAMSOC ដដែល បន្ដថា «គោលដៅនេះហើយ ដែលយើងត្រូវរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ។ គោលដៅបច្ចេកទេស ត្រូវការពេលវេលាហ្វឹកហាត់ ការគាំទ្រ និងឆន្ទៈផ្ទាល់របស់កីឡាករ-កីឡាការិនី ។ អ៊ីចឹងអ្វីដែលសំខាន់ ក្នុងគោលដៅ ត្រូវមានយុទ្ធសាស្ដ្រ និងយុទ្ធវិធី ដើម្បីធ្វើឲ្យដល់គោលដៅ ។ ក្នុងយុទ្ធសាស្ដ្ររបស់យើង អត់មានអ្វីក្រៅពីផែនការហ្វឹកហាត់នោះទេ...» ។

លើសពីនេះ លោកបានជំរុញឲ្យសហព័ន្ធ និងម្ចាស់ទីលានវាយកូនគោលទាំងអស់ ពិសេសទីលាន ដែលត្រៀមរៀបចំស៊ីហ្គេម ត្រូវផ្ដល់នូវកិច្ចសហការ និងជួយជ្រោមជ្រែងឲ្យអស់ពីលទ្ធភាព ក្នុងការសម្រួលផ្នែកហ្វឹកហាត់ដល់ក្រុមជម្រើសជាតិ យ៉ាងហោច ៦ខែមុនស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវមានការហ្វឹកហាត់ជាប់លាប់ ដើម្បីបន្ស៊ាំជាមួយទីលាន និងធានាបាននូវការត្រៀមខ្លួនរួចរាល់ ក្នុងនាមម្ចាស់ផ្ទះ នៃការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម៕