(បរទេស)៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ឃើញថាមានព័ត៌មានលេចធ្លាយជាច្រើនអំពីអ្នកផ្គត់ផ្គង់ត្រកូល iPhone 14 ដែលនឹងមកដល់របស់ Apple។ ដោយឡែកការលេចធ្លាយនេះបង្ហាញថា Apple កំពុងបង្កើនការបញ្ជាទិញអេក្រង់ក្នុងចំនួនដ៏ច្រើនពី Samsung Display ខណៈដែលក្រុមហ៊ុននេះកំពុងស្ថិតក្នុងការពិចារណាទៅលើអេក្រង់របស់ BOE។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

តាមការឱ្យដឹងពី ET News បានបង្ហាញថា ក្រុមហ៊ុន Samsung Display និងទទួលបានការបញ្ជាទិញអេក្រង់ OLED ចំនួន ៨០លានបន្ទះសម្រាប់ iPhone 14 ទាំងអស់។ បើយោងតាមរបាយការណ៍បានគូសបញ្ជាក់បន្ថែមថា Samsung Display នឹងផ្តល់បន្ទះអេក្រង់ OLED ទំហំ 6.1 អ៊ីញសម្រាប់ iPhone 14 និង iPhone 14 Pro រួមទាំងអេក្រង់ 6.7 អ៊ីញសម្រាប់ iPhone 14 Max និង iPhone 14 Pro Max។

តែយ៉ាងណាមិញក្នុងចំណោម អេក្រង់ចំនួន ៨០លានបន្ទះនេះត្រូវបានគេប៉ាន់ប្រមាណថាក្នុងនោះប្រហែលជា ៣៨.១៧ លាននឹងត្រូវបានផ្គត់ផ្គង់សម្រាប់តែ iPhone 14 និង iPhone 14 Pro Max ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ Samsung Display ទំនងមិនមែនជាអ្នកផ្គត់ផ្គង់តែមួយសម្រាប់ iPhone 14 នោះឡើយ។ ដោយកាលពីពេលថ្មីៗនេះប្រភពពី The Elec បានបង្ហាញថា Apple កំពុងតែវាយតម្លៃបន្ទះអេក្រង់ OLED របស់ BOE សម្រាប់ iPhone 14 នៅសប្តាហ៍នេះ៕ ដូច្នេះហើយប្រសិនបើការវាយតម្លៃទទួលបានលទ្ធផលល្អ BOE នឹងត្រូវបានទទួលបានការបញ្ជាទិញ ប៉ុន្តែស្ថិតក្នុងចំនួនត្រឹមតែ ៥លានបន្ទះប៉ុណ្ណោះ សម្រាប់ iPhone 14 ដែលជាការដាក់កម្រិតន្ទាប់ពីមានជម្លោះនាពេលថ្មីៗនេះ៕