(ម៉ាទ្រីដ)៖ អេស្ប៉ាញ នឹងមិនចូលរួមចេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា (Winter Olympics) ឆ្នាំ២០៣០ នៅតំបន់ជួរភ្នំ Pyrenees នោះទេ ដោយសារតែនយោបាយផ្សេងគ្នារវាងរដ្ឋាភិបាលតំបន់ Catalonia និងតំបន់ Aragon។ នេះបើតាមការប្រកាសពីប្រធានគណៈកម្មាធិការអូឡាំពិកអេស្ប៉ាញ លោក Alejandro Blanco ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

គំនិតនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Olympics បានបែងចែកមតិសាធារណៈ នៅក្នុងតំបន់នៃប្រទេសអេស្ប៉ាញ ជាពិសេសចាប់តាំងពីរដ្ឋាភិបាលគាំទ្រឯករាជ្យភាព របស់តំបន់ Catalonia មិនចង់បញ្ចូល តំបន់ Aragon នៅក្នុងការដេញថ្លៃ ដោយសារតែជម្លោះនយោបាយ។

ក្រុមសកម្មជន ក៏បានព្រមានដែរថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានេះ អាចជិះផលអវិជ្ជមាន លើតំបន់ជួរភ្នំ Pyrenees ដោយសារតែការប្រែប្រួលអាកាសធាតុ។

ទីក្រុង Saporro របស់ជប៉ុន ត្រូវបានគេចាត់ទុកថា ជាទីកន្លែងស័ក្តិសម សម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកនេះ, ជាមួយនឹងអតីតម្ចាស់ផ្ទះ Winter Games ទីក្រុង Vancouver របស់កាណាដា និងទីក្រុង Salt Lake City របស់សហរដ្ឋអាមេរិក ក៏ត្រូវបានគេរាយការណ៍ ថាបានចាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃនេះផងដែរ៕