(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានយកឱកាសនៃទិវាអូឡាំពិក ដើម្បីបញ្ជ្រាបគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដល់សិស្សានុសិស្ស នៅខេត្តកែប។

នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីស្ថាប័នកីឡាមួយនេះ បានរៀបចំទិវាអូឡាំពិករយៈពេល ២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានសិស្សានុសិស្សប្រមាណ ៧នាក់ចូលរួម។

ទីប្រឹក្សារូបនេះបន្ដថា ការរៀបចំកម្មវិធីខាងលើ ក្រៅពីគោលដៅផ្សព្វផ្សាយអំពីគុណតម្លៃអូឡាំពិក និងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២២ ក្រុមការងារ NOCC ក៏បាននាំសិស្សានុសិស្សលេងកីឡាកម្សាន្ដ ក្នុងន័យជំរុញពួកគេឲ្យបានស្វែងយល់ពីអត្ថប្រយោជន៍នៃការលេងកីឡាផងដែរ។

ជាក់ស្ដែងបន្ទាប់ពីចែករំលែកបទពិសោធន៍ ទ្រឹស្ដីកីឡា និងការលេងកីឡា នៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីចរិយាវង្ស និងវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីចំការដូង កាលពីម្សិលមិញ នៅថ្ងៃព្រហស្បតិ៍នេះ NOCC ក៏មានរៀបចំកម្មវិធីជិះកង់កម្សាន្ដ ដើម្បីអបអរសាទរទិវាអូឡាំពិក និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្រុងកែបទៀតផង។ លោក ប៊ុយ សុភ័ណ្ឌ បន្ថែម៕