(ភ្នំពេញ)៖ ក្រោយការសម្លឹងមើលឃើញពីឱកាសនៃការវិនិយោគដ៏ល្អនៅកម្ពុជា ក្រុមហ៊ុន BOOYOUNG GROUP ដែលជាក្រុមហ៊ុនពហុធុរកិច្ចដ៏ធំ របស់សាធារណរដ្ឋកូរ៉ បានសម្រេចចិត្តបោះទុនបន្ថែម ពីលើវិស័យសំណង់ ដែលមានស្រាប់នៅកម្ពុជា ដោយការបង្កើតសាលាចំណេះដឹងទូទៅ វ៉ូជុង ស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ក្នុងបរិវេណទីក្រុងរណប BOOYOUNG TOWN ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានអនុសាសន៍ នៅក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសាលា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា អគារសិក្សាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់សិស្សានុសិស្សឲ្យបានចូលរៀន ក្រេបជញ្ជក់យកចំណេះដឹង ដែលពិតជាមិនអាចខ្វះបាន។

លោកបានបន្តថា «សាលារៀនកាន់តែជិតលំនៅឋានរបស់ប្រជាជន ឪពុកម្ដាយក៏មានភាពងាយស្រួលក្នុងការបញ្ជូនកូនៗមកសិក្សារៀនសូត្រ ចំណាយពេលវេលាតិច និងមានសុវត្ថិភាពដល់កូនៗផងដែរក្នុងការធ្វើដំណើរមកសាលាផងដែរ។ លើសពីនេះទៅទៀត សាលារៀនដែលនឹងគ្រោងសាងសង់នេះ គឺជាសញ្ញាមួយដែលបង្ហាញថា ជាទីកន្លែងនៃការស្វែងយល់ ត្រិះរិះ ក៏ដូចជាផ្លាស់ប្ដូរនូវបទពិសោធន៍ ចំណេះដឹង អរិយធម៌ និងវប្បធម៌រវាងកម្ពុជានិងកូរ៉េ ដែលអាចបង្កើនទំនាក់ទំនងយ៉ាងស្អិតរមួតបន្ថែមទៀតរវាងប្រជាជនទាំងពីរផងដែរ»

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ៖ «ខ្ញុំពិតជាមានមោទកភាពចំពោះកម្ពុជាដែលត្រូវបានទទួលបានការជឿទុកចិត្តពីក្រុមហ៊ុន BOOYOUNG GROUP ក្នុងការមកបណ្ដាក់ទុនវិនិយោគ ដែលនេះជាកតាលីករជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យឆ្ពោះទៅមុខមួយកម្រិតទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោកបណ្ឌិត លី ជុងគឿន អគ្គនាយកនៃក្រុមហ៊ុន BOOYOUNG GROUP បានឲ្យដឹងថា BOOYOUNG GROUP គឺជាក្រុមហ៊ុនដ៏ធំនៅប្រទេសកូរ៉េ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ មកហើយទាក់ទងនឹងការអភិវឌ្ឍវិស័យសំណង់។ លោកបណ្ឌិតបានបញ្ជាក់ថា ការសាងសង់ទីក្រុងពាណិជ្ជកម្ម និងលំនៅឋាន ក៏ដូចជាសាលារៀននេះផ្ទាល់តែម្ដង គឺត្រូវបានសាងសង់ឡើងដោយការគិតគូរ ពីការការពារបរិស្ថានជាចម្បង ដើម្បីធ្វើយ៉ាងឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់អតិថិជន ក៏ដូចជាប្រជាជនទូទៅផងដែរ។

លោក ផាក ហ៊ឹងក្យ៉ង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលត្រូវបានសាងសង់ឡើងនៅក្នុងបរិវេណទីក្រុងពាណិជ្ជកម្ម BOOYOUNG TOWN ក្នុងគោលបំណងចែករំលែកនូវចំណេះដឹងជូនដល់សិស្សានុសិស្ស។

ឯកអគ្គរដ្ឋទូតក៏បានបន្ថែមទៀតថា «ខ្ញុំជឿជាក់ថា សាលាចំណេះទូទៅ មួយនេះនឹងក្លាយជាទីកន្លែងនៃបណ្ដុំការចែករំលែកចំណេះដឹង និងការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា និងកូរ៉េផងដែរ»

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន BOOYOUNG GROUP ជាក្រុមហ៊ុនយក្សមួយ មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលបានវិនិយោគគម្រោងលំនៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។
គម្រោងទីក្រុងដែលមានឈ្មោះថា BOOYOUNG TOWN ត្រូវបានបើកដំណើរការដ្ឋានរបស់ខ្លួនកាលពីឆ្នាំ២០១៣ មកម្ល៉េះ ដែលបានបណ្ដាក់ទុនប្រមាណ១,១ពាន់លានដុល្លារ។

ដោយឡែក សាលាចំណេះទូទៅ វ៉ូជុង កម្ពុជា ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដើម្បីបំពេញរាល់តម្រូវការចាំបាច់ជូនដល់អតិថិជនរបស់ខ្លួន ដែលបានទិញលំនៅឋានរបស់ខ្លួន ក្នុងនោះរួមមាន អគារពាណិជ្ជកម្ម មជ្ឈមណ្ឌលកីឡា និងគម្រោងអគារផ្សេងៗជាច្រើនទៀត៕