(បរទេស)៖ កូនស្រីកែភេទរបស់កំពូលមហាសេដ្ឋី Elon Musk ដែលទើបឈានចូលវ័យ១៨ឆ្នាំ ត្រូវបានរាយការណ៍ថា បានដាក់ពាក្យស្នើសុំតុលាការ ដើម្បីប្តូរឈ្មោះ ពី Xavier Alexander Musk ទៅជា Vivian Jenna Wilson វិញ ក្នុងគោលបំណងផ្តាច់ទំនាក់ទំនងពីឪពុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian។

ពាក្យស្នើសុំខាងលើ ត្រូវ បាន ដាក់ ទៅ តុលាការនៅ Los Angeles តាំងពី ខែ មេសាមកម្ល៉េះ ប៉ុន្តែទើបតែលេចធ្លាយនៅលើ ប្រព័ន្ធ ផ្សព្វផ្សាយប៉ុន្មានថ្ងៃនេះ។ កូនរបស់ Elon Musk រូបនេះ បានដាក់ពាក្យស្នើសុំតុលាការ បន្ទាប់ពីរូបគេឈានចូលវ័យ១៨ឆ្នាំ ដែលជាវ័យមួយមានសិទ្ធិនិងសេរីភាពគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងពាក្យស្នើសុំ រូបគេបាននិយាយថា «ខ្ញុំលែងរស់នៅជាមួយ ឬចង់ពាក់ព័ន្ធជាមួយឪពុកបង្កើតរបស់ខ្ញុំទៀតហើយ ទោះតាមរបៀបណាក៏ដោយ»។

ក្រៅពីការស្នើសុំប្តូរឈ្មោះ រូបគេក៏បានស្នើសុំសំបុត្រកំណើតថ្មីផងដែរ ដើម្បីឲ្យត្រូវជាមួយភេទថ្មីរបស់ខ្លួន និងមានការទទួលស្គាល់ពីការប្ដូរភេទពីភេទប្រុស មកជាភេទស្រីវិញ។

គួរជម្រាបថា ម្តាយរបស់ Xavier Alexander Musk គឺមានឈ្មោះថា Justine Wilson ដែលបានលែងលះជាមួយ Elon Musk អំឡុងឆ្នាំ២០០៨ ដោយបន្សល់ទុកនូវកូនៗចំនួន៥នាក់។ យ៉ាងណាមិញ ជុំវិញដំណឹងនៃការស្នើសុំប្តូរឈ្មោះពីសំណាក់កូនស្រីនៅពេលនេះ គឺមិនទាន់ឃើញ Elon Musk មានមតិយោបល់អ្វីឡើយ ខណៈមេធាវីរបស់លោក ក៏មិនបានឆ្លើយតបជុំវិញរឿងរ៉ាវនេះដែរ៕