(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) ដែលជាប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា ខ្លួនបានសហការជាមួយក្រុមហ៊ុន វ៉េសស្ទឺន យូញៀន (WU) ដែលជា ក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសលំដាប់ពិភពលោក ដើម្បីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈអេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញប្រតិបត្តិការជាង២០០ប្រទេស នៅទូទាំងសកលលោក។

ឥឡូវនេះ អតិថិជនដែលប្រើប្រាស់ អេស៊ីលីដាម៉ូបាល អាចធ្វើប្រតិបត្តិការផ្ទេរ ប្រាក់ដល់ក្រុមគ្រួសារ នៅក្រៅប្រទេស បានគ្រប់ពេលវេលា ដោយពួកគាត់ អាចធ្វើការផ្ទេរ និងទទួលប្រាក់ពីប្រទេសផ្សេងៗជាង២០០ ប្រទេសនៅទូទាំងសកលលោក។

អតិថិជនដែលប្រើប្រាស់ អេស៊ីលីដាម៉ូបាល អាចទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ អេស៊ីលីដា ឬ គណនី វ៉លឡេតរបស់ពួកគេ ដោយគ្រាន់តែបញ្ចូលលេខសម្ងាត់ផ្ទេរប្រាក់ (Money Transfer Control Number “MTCN”) ទៅក្នុងអេស៊ីលីដាម៉ូបាល។ ម្យ៉ាងវិញទៀត អតិថិជនក៏អាចទទួលសាច់ប្រាក់ ដែលផ្ទេរជូនពួកគាត់នៅទីតាំងធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន វ៉េសស្ទឺន យូញៀនផ្តល់នូវមធ្យោបាយយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ប្រកបដោយទំនុកចិត្ត ក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ អេស៊ីលីដាម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ តាមរយៈការដាក់ឲ្យដំណើរការ សេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ឆ្លងប្រទេស ហើយអ្នកទទួលប្រាក់អាចដកសាច់ប្រាក់ នៅទីតាំងដែលបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន នៅទូទាំងសកលលោក។ អតិថិជនដែលប្រើប្រាស់ អេស៊ីលីដាម៉ូបាល មានជម្រើសច្រើនក្នុងការផ្ទេរប្រាក់ រួមមានការផ្ទេរប្រាក់ទៅក្នុងគណនីធនាគារ និងគណនី វ៉លឡេត អេស៊ី លីដា»

បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា «កិច្ចសហប្រតិបត្តិការនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភា្ជប់អតិថិជនទៅនឹងឱកាស ដើម្បីផ្តល់នូវដំណោះស្រាយ ក្នុងការចាត់ចែងសាច់ប្រាក់ របស់ពួកគាត់តាមមធ្យោបាយ ដែលអតិថិជនមានតម្រូវការប្រើប្រាស់សាច់ប្រាក់»

លោក Jeffrey Navarro ប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងឥណ្ឌូចិន របស់ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានមានប្រសាសន៍ថា «ស្ថាប័នយើងរីករាយ ក្នុងការបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន តាមរយៈអេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវដំណោះស្រាយបែបឌីជីថល ជូនដល់អតិថិជន និងសាធារណជន អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ដោយខ្លួនឯងបាន។ ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការ របស់ខ្លួនជាង ២០០ប្រទេសនៅទូទាំងសកលលោក ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្តបង្កើនសមត្ថភាព ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថល បានយ៉ាងទូលំទូលាយ»