(ភ្នំពេញ)៖ ពិព័រណ៍ការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងចូលរួមគាំទ្រ ដោយអង្គការអន្ដរជាតិខាងការងារ (ILO) រយៈពេលពីរថ្ងៃ បានចាប់ផ្តើមនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងទីតាំងមជ្ឈមណ្ឌល ម៉ានី និងអគារ KAMPUS។

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ នាព្រឹកថ្ងៃទី២៣ ខែមិថុនានេះ លោក ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា «ពិព័រណ៍ការងារថ្ងៃនេះ ត្រូវបានប្រារព្ធឡើងចំពេលវេលា ប្រកបដោយភាពបត់បែន ប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងនាមជាអន្តរការី នៃសេវាការងារ សំដៅជួយជំរុញដំណើរការ និងសម្របសម្រួលដល់ភាគីពាក់ព័ន្ធ ទាំងអស់នៅក្នុង ទីផ្សារការងារឱ្យទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់សេវាការងារសាធារណៈ របស់ រាជរដ្ឋាភិបាល»

លោកបានបន្តថា គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាពាក្យស្នើសុំការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក ងាយចូលរួម ឆ្លើយតបឆាប់រហ័ស។

ព្រឹត្តិការណ៍នេះ បានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការ របស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយ ភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្ម ដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរ គ្រប់វិស័យ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍រយៈពេលពីរថ្ងៃនេះ មានក្រុមហ៊ុន សហគ្រាសធំៗចំនួន ២២ ដែលបាននាំយកឱកាសការងារ គ្រប់ប្រភេទជាង ៣,០០០កន្លែង និងរំពឹងថា នឹងមានយុវជនរាប់ពាន់នាក់ចូលរួមទស្សនា និងដាក់ពាក្យស្វែងរក ការងារធ្វើ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត តាន់ មុនីវណ្ណ តំណាងលោក សាយ សំអាល ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញ មានប្រសាសន៍ថា «ពិព័រណ៌ការងារឆ្នាំ២០២២ នេះបានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារ និងឱកាសទទួលបានការងារកាន់តែទូលំទូលាយ ព្រមទាំងជាវេទិកាដ៏មានសារៈសំខាន់សម្រាប់បង្ហាញផ្លូវដល់យុវជន សិស្ស និស្សិតឱ្យទទួលបានចំណេះដឹង ចំណេះជំនាញថ្មីៗពីអ្នកជំនាញ និងអ្នកស្រាវជ្រាវសម្រាប់រៀបចំខ្លួន និងប្រែក្លាយគោលដៅជីវិត ឲ្យបានសមស្របជាមួយសភាពការប្រែប្រួលក្នុងទីផ្សារក្នុងប្រទេស និងក្នុងតំបន់»។

ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យស្វែងរកការងារ ជាមួយបណ្តាក្រុមហ៊ុនធំៗ ដែលចូលរួមក្នុងពិព័រណ៍ការងាររយៈពេល ២ថ្ងៃនេះ។ លើសពីនេះ ប្អូនៗក៏អាចចូលរួមដោយ មិនគិតថ្លៃនៅក្នុងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី «ការត្រៀមខ្លួនចូលការងារ និងសហគ្រិនភាព» ដើម្បីនឹងទទួលបានចំណេះដឹងពីវាគ្មិនល្អៗ ដែលមានបទពិសោជន៍ក្នុងទីផ្សារការងារផងដែរ។

សូមបញ្ជាក់ថា កន្លងមក ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលជាមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំត្រូវបានរៀបចំរយៈពេលពីរឆ្នាំតាមប្រព័ន្ធអនឡាញ។ ដោយឡែក សម្រាប់ចុងឆ្នាំ២០២២ នៅថ្ងៃទី ២៨-២៩ ខែតុលាខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័ណ៌ការងារ និងផលិតភាពជាតិថ្នាក់ជាតិតាមរយៈការជួបគ្នាផ្ទាល់ឡើងវិញ នៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឲ្យកាន់តែមានវិសាលភាព និងការចូលរួមកាន់តែទូលំទូលាយថែមទៀត៕