(បរទេស)៖ ថ្មីៗនេះអតីតបុគ្គលិកក្រុមហ៊ុន Tesla បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់អាមេរិក ចំពោះការបញ្ឈប់បុគ្គលិករាប់រយនាក់ដោយមិនមានការជូនដំណឹងជាមុន ដែលជាការបំពានទៅនឹងច្បាប់របស់សហរដ្ឋអាមេរិក។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

ទាក់ទិននឹងពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋតិចសាស់ ដោយអតីបុគ្គលិក Tesla ចំនួន ២នាក់ ដោយពួកគេបានបញ្ជាក់ថា ខ្លួនត្រូវបានបញ្ឈប់ពីរោងចក្រ Gigafactory របស់ Tesla នៅក្នុងខែនេះ ហើយមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏បានបញ្ឈប់បុគ្គលិកជាង ៥០០នាក់បន្ថែមទៀត។ ខណៈការបញ្ឈប់នេះមិនបានជូនដំណឹងជាមុននោះឡើយ គឺការបញ្ឈប់ «មានប្រសិទ្ធភាពភ្លាមៗ» តែម្តង។

ទន្ទឹមនឹងនេះបុគ្គលិកជាច្រើនបានចោទប្រកាន់ថា Tesla មិនបានគោរពតាមច្បាប់សហព័ន្ធស្តីពីការបញ្ឈប់បុគ្គលិកដែលទាមទាររយៈពេលជូនដំណឹងជាមុន ៦០ថ្ងៃ ក្រោមច្បាប់ស្តីពីការកែសម្រួល និងការជូនដំណឹងអំពីកម្មករនិយោជិតឡើងវិញ នេះបើយោងតាមពាក្យបណ្តឹងដែលបានដាក់កាលពីថ្ងៃអាទិត្យ។ តែយ៉ាងណា Tesla មិនបានធ្វើការឆ្លើយតបលើចំនួននៃការបញ្ឈប់ការងារ ចំពោះសំណើរសុំការអត្ថាធិប្បាយអំពីពាក្យបណ្តឹងនោះឡើយ។

បើយោងតាមអ៊ីមែលដែលឃើញដោយ Reuters បានឱ្យដឹងថា CEO ក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីដើមខែនេះថា«លោកមានអារម្មណ៍មិនល្អ» អំពីសេដ្ឋកិច្ច ថែមទាំងបញ្ជាក់ថា Tesla ត្រូវការកាត់បន្ថយបុគ្គលិកប្រហែល ១០ភាគរយថែមទៀត៕