(កូឡាឡាំពួរ)៖ សហគ្រិនជិត ៤០នាក់ មកពីប្រទេសឥណ្ឌូនេស៉ី ថៃ សិង្ហបូរី និងកម្ពុជា បានចែករំលែកជំនាញអាជីវកម្មរបស់ពួកគេនៅឯកម្មវិធី «ASEAN Chinese Book of Records and Awards» លើកទី២ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។

ការជួបជុំប្រចាំឆ្នាំ ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យកន្លងទៅនេះ មានគោលបំណងដើម្បីទទួលស្គាល់សហគ្រិនចិនឆ្នើមមកពីអាស៊ាន និងម៉ាឡេស៉ី ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវសមិទ្ធិផលដ៏អស្ចារ្យ ដើម្បីទាមទារការយល់ដឹងស៉ីជម្រៅ អំពីសារៈសំខាន់នៃការលើកកម្ពស់សហគ្រាសចិន និងដើម្បីបង្កើតស្តង់ដារ និងវេទិកាថ្មីសម្រាប់សហគ្រាសចិនក្នុងតំបន់អាស៊ាន។

មេធាវី Jess Ling ដែលជាប្រធានគណៈកម្មាធិការរៀបចំ បាននិយាយនៅក្នុងពេលបើកសុន្ទរកថារបស់លោកស្រីថា ដោយសារតែជម្លោះប្រទេសអ៊ុយក្រែន បានផ្លាស់ប្តូរទំនូលនៃការវិនិយោគពិភពលោកមកកាន់តំបន់អាស៉ី ជាពិសេសតំបន់អាស៊ាន ដែលមានបរិយាកាសនយោបាយកាន់តែមានស្ថិរភាព បើកទូលាយសេដ្ឋកិច្ចដែលជាឱកាសសម្រាប់សហគ្រិនចិន។

យោងតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា ម៉ាឡេស៉ី និងជាព្រឹទ្ធសមាជិក Dato’ Sri Ti Lian Ker បានបញ្ជាក់ថា ជោគជ័យរបស់ជនជាតិចិន គឺបានមកពីការឧស្សាហ៍ព្យាយាមសម្របខ្លួន និងការខិតខំប្រឹងប្រែងរបស់ពួកគេ។ លោកក៏បានបញ្ជាក់ផងដែរថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ចិនបានផ្តល់ឲ្យអាស៊ាន និងចិនចូលទៅកាន់លំហអភិវឌ្ឍន៍កាន់តែទូលំទូលាយ។

ក្នុងកម្មវិធីនោះ ឧកញ៉ា Ly Kun Thai និង ឧកញ៉ា Tan Khee Meng បានទទួលនូវពាន់រង្វាន់ពិសេស។

ឧកញ៉ា Ly Kun Thai ជាពាណិជ្ជករខ្មែរ-ចិនដ៏ល្បី និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Alpha Group និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានពាន់រង្វាន់កិត្តយស «សហគ្រាសចិនអាស៊ានដ៏ឆ្នើម» និង «ពានរង្វាន់ចិនអាស៊ានឆ្នើម»

ឧកញ៉ា Tan Khee Meng សហគ្រិន ម៉ាឡេស៉ី-ចិន ដែលបានបង្កើត និងគ្រប់គ្រង ក្រុមហ៊ុន Baker Tilly (Cambodia) Co., Ltd. ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនគណនេយ្យករសាធារណៈ និងប្រឹក្សាយោបល់ដ៏ល្បីឈ្មោះអស់រយៈពេលជាច្រើនឆ្នាំ។ លោកឧកញ៉ាក៏ជាប្រធានសភាពាណិជ្ជកម្មម៉ាឡេស៉ី ដែលត្រូវបានកម្មវិធីផ្តល់នូវពានកិត្តិយសចំនួន ២ គឺ «ពានរង្វាន់សហគ្រាសដែលមានវិជ្ជាជីវៈដ៏ឆ្នើម ចិនអាស៊ាន» និង «ពានរង្វាន់វិជ្ជាជីវៈដ៏ឆ្នើមចិនអាស៊ាន»

សូមជម្រាបថា សហគ្រិនប្រហែល ៤០ នាក់ផ្សេងទៀត ក៏ទទួលបានកិត្តិយសផងដែរជាមួយនឹង «សៀវភៅកំណត់ត្រា និងពានរង្វាន់អាស៊ានចិន»