(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំឮកឲ្យគ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យខ្ពស់លើវិស័យអប់រំកាយ និងកីឡា ហើយត្រូវរៀបចំកម្មវិធីប្រកួតផ្សេងៗ ដើម្បីលើកកម្ពស់ ទាំងផ្នែកបញ្ញាស្មារតីផង និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិផង។

ការក្រើនរំឮកនេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែមិថុនានេះ ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ដ្រី ក៏បានជំរុញឲ្យមានការចុះឈ្មោះជាសមាជិកសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ដើម្បីធ្វើឲ្យមានសកម្មភាពកីឡាកាន់តែផុសផុល រីកចម្រើន ពិសេសត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា «សូមរំលឹកដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ទាំងរដ្ឋ និងឯកជន សូមបង្កើនការយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកវិស័យអប់រំកាយ និងកីឡា នៅក្នុងសាលារៀន ជាពិសេសសូមរៀបចំកម្មវិធីកីឡា ដើម្បីសុខភាព ភាពសប្បាយ រីករាយ បញ្ញាវាងវៃ បង្កើនគុណភាពសិក្សា ហើយសូមជ្រើសរើសនិស្សិតដែលមានទេពកោសល្យ និងស្រឡាញ់វិស័យកីឡា តាមប្រភេទកីឡានីមួយៗ ហ្វឹកហាត់ឲ្យបានហ្មត់ចត់ ចូលរួមក្នុងការប្រកួតនានា»

ចំពោះការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិខាងលើ លោក ហួត សេងទ្រី ប្រធានយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានឲ្យដឹងថា ការប្រកួតនេះ ចាប់ផ្ដើមពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ កីឡាករ កីឡាការិនីសរុប ១,៤៤៣នាក់មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន ៣៨ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈចំនួន២០ និងឯកជនចំនួន១៨ ដែលត្រូវប្រកួតលើ ១២ប្រភេទកីឡាស្មើនឹង ៨៨វិញ្ញាសា។

លោកថា គោលបំណងនៃការប្រកួតជាលក្ខណៈហ្គេមនេះ គឺដើម្បីផ្តល់ឱកាសដល់និស្សិតពេញម៉ោងបានចូលរួមប្រកួតប្រជែង ក៏ដូចជាផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិយកការប្រកួតជាមូលដ្ឋានអនុវត្តការងារត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រួមទាំងលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតត្រៀមឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំក្រោយផងដែរ៕