(ភ្នំពេញ)៖ ក្នុងវ័យ២២ឆ្នាំ ជាមួយនឹងទេពកោសល្យពិសេសខាងសិល្បៈ យុវជន ណាក់ ណយ អាចគូររូបច្នៃប្រឌិតបែបវេទមន្ត ហើយលក់បានតម្លៃរហូតដល់ជាង ៥ពាន់ដុល្លារក្នុង១ផ្ទាំងៗ។ មានចំណង់ចំណូលចិត្តផ្នែកគូររូបតាំងពីតូច និងការហាត់រៀនតាមយូធូបផងនោះ ធ្វើឲ្យយុវជនមកពីខេត្តសៀមរាបរូបនេះ ក្លាយជាវិចិត្រករដៃឯក មានតែមួយគ្មានពីរ (Unique) ដែលអាចគូររូបច្នៃប្រឌិតបែប Fantasy ដោយផ្តោតលើមនុស្ស និងធម្មជាតិ នៅក្នុងពិភពថ្មីមួយ ដែលត្រូវបានឲ្យឈ្មោះថា អាណាចក្ររបស់ ណាក់ ណយ (Kingdom of Nak Noy)។

«Fantasy គឺជាអ្វីដែលមិនមានពិតលើលោកនេះទេ ដូចជាមនុស្សមានភ្នែកធំជាងមាត់ មានផ្កាដុះចេញពីភ្នែក មានក្បាលជាសត្វគោ ដែលកើតឡើងពីការស្រមជាដើម»។ នេះជាការបរិយាយរបស់ លោក ណយ ដែលបានក្លាយជាជាងគំនូរសហសម័យ មានការគាំទ្រយ៉ាងខ្លាំង។

រៀបរាប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ ហៃយ៉ាត់ រីជីនស៉ី ភ្នំពេញ ណាក់ ណយ បានឲ្យដឹងថា រចនាបទ (Style) ប្លែកៗនៃសិល្បៈគំនូររបស់លោក កើតឡើងពីការស្រមើលស្រមៃរបស់គាត់តាមរយៈមជ្ឈដ្ឋានជាច្រើន។ របៀបនៃការគូររូបជាចម្បង គឺចាប់ផ្តើមនៅលើអាគ្រីលីក (Acrylic) ជាមួយផ្ទាំងក្រណាត់ដាក់ពីលើ បន្ទាប់មកការលាយទឹកថ្នាំនៅលើក្រដាសអមដោយការស្រម៉ៃ និងរបៀបនៃការប្រើឧបករណ៍នីមួយៗ។

រចនាបទនៃការគូររូបរបស់ ណាក់ ណយ គឺប្រធានបទនៃស្ត្រីខ្លាំង និងការពង្រឹងភាពជាស្ត្រីនៅក្នុងការងារ ដែលកើតចេញពីសេចក្តីស្រឡាញ់របស់គាត់ចំពោះស្ត្រីខ្មែរខ្លាំងបំផុត ក្នុងជីវិតរបស់គាត់ គឺម្តាយ និងប្អូនស្រីរបស់គាត់។ ចំណែកឯគ្រឿងអលង្កា និងសំលៀកបំពាក់ដ៏ប្រណីត គឺយោងទៅលើស្ថាបត្យកម្មខ្មែរបុរាណ បង្ហាញពីភាពស្រស់ស្អាត និងក្តីសង្ឃឹម។

ឥឡូវនេះ ដោយសារទេពកោសល្យរបស់ខ្លួន ណាក់ ណយ បានទទួលអាហារូបករណ៍ចូលរៀនមុខវិជ្ជាសិល្បៈគំនូរ នៅសាលាហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak) ខេត្តបាត់ដំបង នៅខែមករា ឆ្នាំ២០២១ ដែលមានរយៈពេល ២ឆ្នាំ។ ទោះជាយ៉ាងនេះក្តី មុននឹងចូលសាលាជំនាញនេះ លោកបានចេះច្នៃប្រឌិតក្នុងការគូររូបយូរមកហើយ។ លោកបន្តថា នៅឆ្នាំ២០១៥ ជាពេលលោកលក់គំនូរបានដំបូង ហើយជាពេលដែលលោកចាត់ទុកខ្លួនឯងថា ជាវិចិត្រករពេញលេញ។

លោក ណយ បញ្ជាក់ថា «បច្ចុប្បន្ន ខ្ញុំកំពុងតែសិក្សានៅសាលាហ្វារពន្លឺសិល្បៈ ឆ្នាំដំបូង។ គេរៀន ២ឆ្នាំ។ នៅឆ្នាំ២០១៥ ខ្ញុំបានលក់គំនូរដំបូងរបស់ខ្ញុំ ហើយខ្ញុំក៏បានគិតថា ខ្ញុំចាប់ផ្តើមក្លាយជាវិចិត្រករពេញលេញ»

«ខ្ញុំចាប់ផ្តើមប្រឡូកក្នុងវិស័យគូរគំនូរ តាំងពីអាយុ៦ឆ្នាំ»។ នេះជាការរៀបរាប់បន្ថែម ពីចំណង់ចំណូលចិត្តលើសិល្បៈគំនូរ ដែលមានតាំងពីក្មេងរបស់ ណយ ដោយលោកអះអាងថា គំនូរតាមជញ្ជាំងវិហារមួយកន្លែង នៅខេត្តសៀមរាប ជាកម្លាំងចិត្តធ្វើឲ្យគាត់ដាក់ចិត្តដាក់កាយ ក្នុងការគូររូបលើសៀវភៅ និងតាមវត្ថុនានាជាច្រើន។

ណាក់ ណយ ក៏មាននិមិត្តរូបជាជនបរទេសដែរ នោះគឺវិចិត្រករជនជាតិអ៉ីតាលី Leonardo da Vinci ម្ចាស់គំនូរដ៏ល្បីល្បាញ Mona Lisa ។ តាំងពីចេះគូររូបមក លោកបានគូររូបច្រើនណាស់ ប៉ុន្តែគំនូរដែលលោកយកជាផ្លូវការ មានប្រមាណចន្លោះពី ២០០ ទៅ ៣០០ផ្ទាំង ខណៈដែលគំនូរមួយផ្ទាំង លោកចំណាយពេលប្រមាណពី ១ខែ ទៅ ៣ខែ អាស្រ័យលើទំហំ។

សូមជម្រាបថា សណ្ឋាគារ ហៃយ៉ាត់ រីជីនស៉ី ភ្នំពេញ បានសហការគ្នាជាមួយនឹង Tribe Art Cambodia ជាលើកទីបី ដើម្បីលើកតម្កើងមរតកវប្បធម៌ខ្មែរ តាមរយៈកម្មវិធីពិព័រណ៍សិល្បៈ របស់លោក ណាក់ ណយ។ នេះបង្កើតឱ្យឃើញពីភាពជោគជ័យរបស់ លោក ណយ ក្នុងនាមជាសិល្បករខ្មែរវ័យក្មេង ហើយក៏ជាបំណងប្រាថ្នាដែលលោកចង់បាន ដោយការបង្ហាញបំណែកនៃរូបភាពដូចសុបិន្ត ដែលបានបង្កើតដំណើរនៃការបំផុសគំនិតរបស់ខ្លួន និងដើម្បីស្វែងរកទិដ្ឋភាពថ្មីៗឲ្យកាន់តែអស្ចារ្យសម្រាប់អ្នកទស្សនារូបភាពរបស់លោក។

កម្មវិធីពិព័រណ៍សិល្បៈ «KINGDOM» នឹងរៀបចំឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជីនស៉ី ភ្នំពេញ នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦៖៣០ ល្ងាចដល់ម៉ោង ៨៖៣០យប់៕

ទំនាក់ទំនងកក់សំបុត្រ៖ (855) 23 600 1234 ឬគេហទំព័រ [email protected]