(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ អង្គការអុកស្វាម បានរៀបចំសន្និសីទសារព័ត៌មាន ចែករំលែកអំពីយុទ្ធនាការរយៈពេលបួនខែ ដែលមានឈ្មោះថា «តាមដងទន្លេមេគង្គជាមួយសាយ»។ យុទ្ធនាការនេះ មានគោលបំណង លើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ ដោយសារផលប៉ះពាល់ដោយការផ្លាស់ប្តូរលំហូរទឹក និងការគំរាមកំហែងកើនឡើងដល់សន្តិសុខស្បៀង នៅតាមដងទន្លេមេគង្គ។

តាមដងទន្លេមេគង្គជាមួយសាយ គឺជាយុទ្ធនាការ តាមដងទន្លេមេគង្គ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ឆ្លងកាត់តាមខេត្តរតនគិរី ស្ទឹងត្រែង និងក្រចេះ របស់លោក អូន បាឋម ដែលត្រូវបានគេស្គាល់គាត់ថា សាយ ដែលជាអគ្គរាជទូតសុឆន្ទៈ ជាតារាចម្រៀង និងតារាសម្តែងនៅប្រទេសកម្ពុជា។

ដំណើររបស់ សាយ បានផ្តិតយកអរិយ្យភាពរបស់ទន្លេមេគង្គ ហើយក៏បង្ហាញនូវវប្បធម៌ចម្រុះ និងការអនុវត្តក្នុងស្រុក។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏បានបង្កើតឲ្យមានវេទិកាស្តាប់សំឡេងរបស់ស្ត្រី បុរស ជនជាតិដើមភាគតិច និងសមាជិកដទៃទៀតនៃសហគមន៍ក្រីក្រ ដែលរស់នៅតាមដងទន្លេមេគង្គ។

លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានថ្លែងថា យុទ្ធនាការ តាមដងទនេ្លមេគង្គ ជាមួយសាយ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីភាពសម្បូរបែបនៃអាងទន្លេមេគង្គ និងសារៈសំខាន់របស់វាចំពោះជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់ ក៏ដូចជាបានផ្សារភ្ជាប់ការចូលរួម និងកិច្ចពិភាក្សាប្រកបដោយអត្ថន័យរវាងយុវជន និងសហគមន៍ ដែលរងផលប៉ះពាល់ ជាពិសេសក្រុមងាយរងគ្រោះដូចជា ជនមានពិការភាព និងជនជាតិដើមភាគតិច ដែលពួកគាត់ទាំអស់នោះជាគោលដៅចម្បងរបស់គម្រោង។

អ្នកស្រីបានបន្ថែមទៀតថា «បើទោះជាយុទ្ធនាការបានបញ្ចប់ក៏ដោយ ក៏បេសកកម្ម ការពារទន្លេមេគង្គ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ របស់យើងនៅតែបន្តទៅមុខ»

សាយ ដែលជាទូតសុឆន្ទៈនៃយុទ្ធនាការរបស់យើងបានលើកឡើងថា «ទន្លេនាំទឹក និងសារធាតុចិញ្ចឹមទៅកាន់ទូទាំងពិភពលោក ហើយទន្លេគឺជាជីវិតមនុស្ស ជាពិសេសសហគមន៍ដែលពឹងអាស្រ័យលើទន្លេនេះ។ បន្ទាប់ពីដំណើរតាមដងទន្លេមេគង្គមក ខ្ញុំមានទំនាក់ទំងជិតស្និតជាមួយទន្លេជាងមុន។ សូមអរគុណ ដល់អង្គការអុកស្វាម ដែលបានអនុញ្ញាតឱ្យខ្ញុំមានឱកាសស្វែងយល់ពីភាពសម្បូរបែបនៃទន្លេមេគង្គរបស់យើង និងជីវិតរបស់សហគមន៍ ជាពិសេសក្រុមជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ ដែលជីវិត និងវប្បធម៌របស់ពួកគាត់មានទំនាក់ទំនងជាមួយទន្លេ និងព្រៃឈើ»

សាយបន្ថែមថា «ខ្ញុំ សូមផ្តាំផ្ញើដល់យុវជនទាំងអស់ ឲ្យចូលរួមការពារទន្លេទាំងអស់គ្នា ព្រោះទន្លេ មិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេគឺទន្លេជារបស់យើងទាំងអស់គ្នា។ ទន្លេគឺជាជីវិតរបស់យើង»

មិនតែប៉ុណ្ណោះ សាយមានក្តីសង្ឃឹមថា តាមរយៈកម្មវិធីនេះ យើងនឹងអាចជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលនៅតាមដងទន្លេ ដើម្បីជួយជម្រុញដល់ភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវទេសចរណ៍ក្នុងស្រុកឲ្យបានមកទស្សនា តាមតំបន់កម្សាន្តនានា ដើម្បីជួយជម្រុញជីវភាពដល់បងប្អូននៅក្នុងសហគមន៏។

លោកស្រី ណាង ណយ ដែលជាប្រធានគម្រោងរបស់អង្គការទន្លេបី ហើយក៏ជាដៃគូដែលបានចូលរួមរៀបចំយុទ្ធនាការនេះជាមួយអង្គការអុកស្វាមបានថ្លែងពីចំណាប់អារម្មណ៌របស់ខ្លួនថា យុទ្ធនាការនេះអាចនឹងផ្សព្វផ្សាយពីព័ត៌មានទាំងអស់របស់ជនជាតិដើមភាគតិច ដែលគាត់រស់នៅអាស្រ័យលើទន្លេហ្នឹង ដល់សាធារណជនទូទាំងពិភពលោកឲ្យបានយល់ដឹងថា ពួកគាត់រស់ពឹងពាក់ទៅលើអី និងបញ្ហាផ្សេងៗ ដែលស្រី្តរស់នៅតាមដងទន្លេកំពុងជួបប្រទេះ។

លោកស្រីក៏បានបង្ហើបពីទឹកចិត្តលោកស្រីថា «ទោះបីហត់ក៏នៅសប្បាយចិត្តដែរ ប្រសិនបើយុទ្ធនាការនេះអត់មានសារប្រយោជន៍ទេ គឺវាត្រូវតែហត់ហើយតែយើងគិតថាវាជាសារប្រយោជន៍របស់បងប្អូនជនជាតិដើមភាគតិចយើង ដើម្បីអោយពួកគាត់មានឱកាសក្នុងការរៀនសូត្រ»

អ្វីដែលជាគួរជាទីមោទន នោះគឺ ខ្សែវីដេអូដែលជាលទ្ធផលនៃយុទ្ធនាការនេះ ត្រូវបានជ្រើសរើសដើម្បីចាក់បញ្ចាំងនៅកម្មវិធីការស្វែងយល់ពីទន្លេមេគង្គ (Mekong Discovery) របស់មហោស្រពភាពយន្ត អន្តរជាតិកម្ពុជា ដែលជាមហោស្របភាពយន្តដ៏ធំបំផុតនៅកម្ពុជា។ ការចាក់បញ្ចាំងលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលមហោស្រពចតុមុខ។

សូមជម្រាបថា គម្រោងបរិយាប័ន្ន២ គឺជាគម្រោងក្នុងកម្មវិធីអភិបាលកិច្ចទឹកក្នុងតំបន់មេគង្គ។ គម្រោងនេះ មានគោលបំណងឱ្យមានអភិបាលកិច្ចទឹកប្រកបដោយសមភាព និងរួមបញ្ចូលបន្ថែមទៀត ដែលកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនគណនេយ្យភាពសង្គមដល់ប្រជាពលរដ្ឋនៅក្នុងមហាទន្លេមេគង្គ។ កម្មវិធីនេះមានគោលដៅ ដើម្បីឲ្យសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គ យល់ដឹងពីសិទ្ធិរបស់ពួកគេក្នុងការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា។ ចាប់ផ្ដើមនៅឆ្នាំ២០១០ មហោស្រពនេះដើរតួជាកត្តាលីករមួយសម្រាប់វិស័យភាពយន្ត ដោយប្រមូលផ្ដុំអ្នកចូលរួមជាង២ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ CIFF ក៏ដើរតួផងដែរ ជាស្ពានរបស់ប្រទេសកម្ពុជានិងពិភពលោក តាមរយៈការនាំមកបង្ហាញនូវវប្បធម៌ និងភាពយន្តរបស់សាកលលោក។ CIFF ក៏រួមចំណែកលើកស្ទួយដល់ចរាចរណ៍របស់ខ្សែភាពយន្តនៅក្នុងតំបន់ និងផ្សព្វផ្សាយពីផលិតកម្មកម្ពុជាផងដែរ។

កម្មវិធីស្វែងយល់ពីទន្លេមេគង្គ (Mekong Discovery) គឺជាផ្នែកមួយនៃផ្នែកភពដ៏ស្រស់ស្អាតនៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលឧទ្ទិសដល់ការអប់រំបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ កម្មវិធីប្រចាំឆ្នាំនេះបង្ហាញពីការជ្រើសរើសខ្សែភាពយន្ត និងការពិភាក្សាលើប្រធានបទជាច្រើនដែលរួមមាន៖ ការបាត់បង់សត្វព្រៃ ការកាប់បំផ្លាញព្រៃឈើ ទន្លេសំខាន់ៗ និងការអភិរក្សសមុទ្រ ព្រៃទឹកភ្លៀង តំបន់អាក់ទិក ការដឹកជញ្ជូន ថាមពល ទឹក និងការគ្រប់គ្រងចំណីអាហារ ការប្រែប្រួលអាកាសធាតុ ការបំពុល ជនជាតិដើមភាគតិច ចំនួនប្រជាជន និងកសិកម្ម៕