(ភ្នំពេញ)៖ ក្នុងគោលបំណងឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រខ្មែរ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានប្រកាសរៀបចំការប្រកួតជ្រើសរើសស្នាដៃ ប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់ជាផ្លូវការ។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបញ្ជាក់ថា សាធារណជនដែលចាប់អារម្មណ៍ ក្នុងការគូរគំនូរមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣ និងមានបំណងចូលរួមប្រកួត សូមដាក់ស្នាដៃមក អគ្គលេខាធិការដា្ឋននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧៖០០ ជាកំណត់។

ទីកន្លែងទទួលស្នាដៃ អគ្គលេខាធិការដ្ឋាន CAMSOC អគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបន្ថែមថា លក្ខខណ្ឌតម្រូវ រួមមាន៖

១៖ បើកចំហរជាសាធារណៈដល់សិស្ស-និស្សិត យុវជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានស្នាដៃគំនូរ និងមានទេពកោសល្យល្អ ចូលរួមគូសគំនូរមេដាយ និងគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣។
២៖ ស្នាដៃដែលបានសម្រេចជ្រើសរើសត្រូវរក្សាសិទ្ធិផ្តាច់មុខដោយ «CAMSOC»។
៣៖ ជ័យលាភីនឹងទទួលបានទឹកប្រាក់ជារង្វាន់លើកទឹកចិត្ត ១០លានរៀលម្នាក់ សម្រាប់ទាំងពីរស្នាដៃនៃគំនូរមេដាយ និងគំនូរគប់ភ្លើង៕