(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា បានរៀបចំកម្មវិធីជិះកង់កម្សាន្ដមួយ នៅខេត្តកែប ដើម្បីជំរុញយុទ្ធនាការ «ប្រជាជនម្នាក់កង់ ១គ្រឿង ឆ្ពោះទៅស៊ីហ្គេម ២០២៣» ដោយមានកីឡាការ-កីឡាការិនីចូលរួមប្រមាណ ១០០នាក់។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងបំផុសសកម្មភាពកីឡាទោចក្រយានកម្ពុជាផង និងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផង។

លោកថា កម្មវិធីនេះ ទទួលបានការគាំទ្រដោយសហព័ន្ធកីឡាទោចក្រយានអន្ដរជាតិ ដោយក្នុងមួយឆ្នាំ សហព័ន្ធគ្រោងរៀបចំ ៣ដង នៅតាមខេត្តគោលដៅទេសចរណ៍ ក៏ដូចជាខេត្តសៀមរាប ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ជាក់ស្ដែងដូចជាខេត្តកែបជាដើម។

អាស្រ័យហេតុនេះ លោកបានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជិះកង់ និងលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផង ហើយក៏ដើម្បីចូលរួមផ្សព្វផ្សាយ និងអបរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ លោក នូ ចំរើន បន្ថែម៕