(ដូហា)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានឯកភាពក្នុងការបន្ថែមសមាជិកពី ២៣នាក់ទៅ ២៦ក្នុង ១ក្រុមជម្រើសជាតិផ្នែកបុរស ដើម្បីលេងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតានាចុងឆ្នាំនេះ។

ការ Update ថ្មីនេះត្រូវបានធ្វើឡើង ក្រោយពេលក្រុមជម្រើសជាតិនីមួយៗអាចមានកីឡាករសរុប ២៦នាក់រួចទៅហើយសម្រាប់ ១ក្រុមក្នុងការលេងមិត្តភាពអន្តរជាតិ ក៏ដូចជាលេងពានជម្រុះនានាផងដែរ ក្រោយពេលវិបត្តិកូវីដ-១៩ រីករាលដាលពាសពេញពិភពលោក។

លើសពីនេះទៀត FIFA ក៏បានបញ្ជាក់ថា ១ប្រកួត ១ក្រុមត្រូវមានកីឡាករសរុបយ៉ាងតិចចាប់ពី ១៥នាក់ទៅ បូករួមទាំងកីឡាករបម្រុង ស្របតាមលោក Gareth Southgate អ្នកចាត់ការទូទៅអង់គ្លេសស្នើសុំជាយូរមកហើយ។

គ្រប់ជម្រើសជាតិទាំង ៣២ក្រុមដែលមានកៅអីលេងនៅ World Cup 2022 ត្រូវបញ្ជូនឈ្មោះកីឡាកររបស់ពួកគេទាំង ២៦នាក់ក្នុង ១ក្រុមនោះផុតកំណត់ត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ពោលគឺ ៣០ថ្ងៃមុនការប្រកួតផ្លូវការចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូនៅប្រទេសកាតាតែមួយគត់៕