(រតនគិរី)៖ នាបរិវេណមុខវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនអិន ស៊ី អិចហុងដា (NCX) បានរៀបចំពិធីសម្ពោធរោងរង់ចាំសម្រាប់សិស្សានុសិស្ស និងមាតាបិតាសិស្សនៅវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ក្រោមអធិបតីភាពលោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី និងលោក អ៊ិនថានុន ឈុំឆៃ ប្រធានចាត់ការទូទៅក្រុមហ៊ុន NCX ហុងដា។

ក្នុងពិធីខាងលើនេះដែរមានការចូលរួមពីលោក គង់ យុទ្ធនា ប្រធានក្រុមហ៊ុនហុងដាសួន សោភាសាខាខេត្តរតនគិរី, លោក សែម ចំរើន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងបានលុង, លោក ធន់ យុន នាយកវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី, លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើននាក់។

លោក ធន់ យុន នាយកវិទ្យាល័យភូមិថ្មី បានអានរបាយការណ៍រួចមក,លោក ខាត់ សាម៉ាល់ បានថ្លែងអំណរគុណក្រុមហ៊ុន អិន ស៊ី អិច (NCX) ដែលបានចំណាយថវិកាសាងសង់រោងរង់ចាំសម្រាប់សិស្សានុសិស្ស និងមាតាបិតាសិស្ស គាំទ្រវិស័យអប់រំ និងផ្តល់ភាពកក់ក្តៅ។

លោកថា សាលារៀនចាំបាច់មានការចូលរួមពីអ្នកពាក់ព័ន្ធ ពីសហគមន៍ព្រោះសាលារៀន ផ្តល់ឱកាសឲ្យរៀនសូត្រមើលថែទាំ ជាកន្លែងសង្គ្រោះដែលកើតឡើងដោយគ្រោះធម្មជាតិផ្សេងៗ និងជាកន្លែងថែទាំអ្នកជំងឺកូវីដ១៩ នាពេលកន្លងទៅផងដែរ។

ជាងនេះទៅទៀត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី សូមផ្តាំផ្ញើជួយថែទាំសមិទ្ធផលថ្មីនេះ ក្នុងការប្រើប្រាស់យូរអង្វែងដើម្បីប្រយោជន៍យើងទាំងអស់គ្នា។

លោក អ៊ិនថានុន ឈុំឆៃ បានថ្លែងថា ក្រុមហ៊ុនហុងដា ជាក្រុមហ៊ុនមួយឈានមុខគេ ក្នុងវិស័យការផលិតម៉ូតូ ដើម្បីនាំយកម៉ូតូជូនប្រជាជនកម្ពុជានូវម៉ូតូដែលពួកគាត់ត្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងជាម៉ូតូដែលជួយធ្វើឲ្យជីវិត របស់ពួកគាត់ មានភាពងាយស្រួលជាងមុន។

លោកបន្តថា កម្មវិធីប្រគល់ ទទួលរោងរង់ចាំដែលបំពាក់ទៅដោយស្លាកសញ្ញាចរាចរណ៍សំខាន់ៗដែលជាអំណោយនិងសណ្តានចិត្តល្អពីសាខាលក់ម៉ូតូហុងដាសួន សោភាប្រចាំខេត្តរតនគិរីដើម្បីជាប្រយោជន៍រួមដល់សាលារៀន ក៏ដូចជាអាណាព្យាបាលក្នុងការជ្រករងចាំទទួលបុត្រធិតារបស់ខ្លួននៅពេលចេញពីសាលារៀន។

លោក អ៊ិនថានុន ឈុំឆៃ បន្ថែមឲ្យដឹងទៀតថា នាពេលកន្លងមកហាងលក់ម៉ូតូហុងដាសួន សោភាសាខាខេត្តរតនគិរីបានផ្តល់អំណោយដូចជាកម្រាលការ៉ូឡា គ្រឿងបរិភោគ សម្ភារសិក្សា មួកសុវត្ថិភាព និងថវិកាមួយចំនួនដល់ ស្ថាប័នផ្សេងៗ សាលាបឋមសិក្សាប៊ូ ថង សាលាបឋមសិក្សាក្រូចស្រុកអូរជុំ វិទ្យាល័យសម្តេចឪ សម្តេចម៉ែនិងអង្គការកុមារកំព្រាភូមិកុមារអេសអូអេសផងដែរ៕