(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាផលិតអាគុយរថយន្តអគ្គិសនីរបស់អាមេរិកមួយដែលមានឈ្មោះថា Our Next Energy (ONE) បាន បង្កើតនូវអាគុយថ្មីមួយដែលមានសមត្ថភាពអាចបើកបរបានរហូតដល់ជាង ១២០០គីឡូម៉ែត្រ ដោយគ្រាន់តែបញ្ចូលថាមពល (សាកថ្ម) ត្រឹមតែម្ដង។

អាគុយសម្រាប់រថយន្តអគ្គិសនីថ្មីនេះត្រូវបានក្រុមហ៊ុន ONE ដាក់ឈ្មោះឱ្យថា «Gemini» ដែលវាមានសមត្ថភាពផ្ដល់ថាមពល បាន រហូតដល់ ២០៣,៧គីឡូវ៉ាត់ម៉ោង។ អាគុយថ្មីនេះត្រូវបាន ONE យកវាទៅសាកល្បងប្រើជាមួយនឹងរថយន្ត Tesla Model S កាលពីអំឡុងខែធ្នូកន្លងទៅ ដោយបានធ្វើការបើកសាកល្បងពាសពេញអាមេរិកជាមួយនឹងល្បឿនមធ្យម ៨៨,៥គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបើករហូតដល់ ១២១០គីឡូម៉ែត្រ ដោយការសាកថ្ម ត្រឹមតែម្ដងប៉ុណ្ណោះ។

ក្រុមហ៊ុន ONE បានបញ្ជាក់ឱ្យដឹងថា អាគុយថ្មីនេះនឹងជួយដោះស្រាយបញ្ហាជាច្រើននៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ហើយ វានឹង ជួយ ជំរុញ ដ៏ដូចជាបង្កើនល្បឿននៃការប្រើប្រាស់រថយន្តអគ្គិសនីឱ្យកាន់តែច្រើនឡើងថែមទៀតផង ព្រោះថាការសាកល្បងកន្លងមក វាអាច បើកបានក្នុងរយ:ចម្ងាយឆ្ងាយ និងបានគ្រប់ស្ថានភាព មិនថាភ្លៀង ដីភ្នំ សណ្ដោងរ៉ឺម៉ក។

ថាមពលនៃអាគុយនេះវាក៏បានជួយសម្រួលដល់អ្នកប្រើប្រាស់ផងដែរ ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការតម្រង់ជួរចាំសាកថ្ម ជាពិសេសគឺមិនបារម្ភទៅលើការធ្វើដំណើរទៅកាន់ទីឆ្ងាយដោយខ្លាចគ្មានស្ថានីយ៍សាកថ្ម៕