(អាមេរិក)៖ តុលាការកំពូលនៅទីក្រុង Los Angeles នៅថ្ងៃពុធសប្តាហ៍នេះ បានយល់ព្រមចំពោះសំណើរកូនស្រីកែភេទ របស់កំពូលមហាសេដ្ឋី Elon Musk ដែលសុំប្តូរឈ្មោះ ដើម្បីផ្តាច់ទំនាក់ទំនងពីឪពុក ព្រមទាំងស្នើសុំសំបុត្រកំណើតថ្មី ដើម្បីឲ្យត្រូវនឹងភេទថ្មីរបស់ខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

Vivian Jenna Wilson ដែលពីមុនមានឈ្មោះថា Xavier Musk នោះ បានសរសេរនៅក្នុងលិខិតស្នើសុំទៅកាន់តុលាការថា នាងសុំប្តូរឈ្មោះព្រោះមិនចង់មានទំនាក់ទំនងជាមួយឪពុក គឺមហាសេដ្ឋី Elon Musk។ Vivian គឺជាកូនម្នាក់ក្នុងចំណោមកូនទាំង៥នាក់ របស់ Elon Musk ជាមួយអតីតភរិយា Justine Wilson។

គួរជម្រាបថា រឿងរ៉ាវសុំប្តូរឈ្មោះនេះ គឺកើតមានឡើងបន្ទាប់ពី Vivian ឈានចូលវ័យ១៨ឆ្នាំ និងបន្ទាប់ពីលោក Elon Musk ទើបតែបង្ហោះសារដ៏កក់ក្តៅនៅលើបណ្តាញសង្គម Twitter ក្នុងថ្ងៃទិវាឪពុកថា «ខ្ញុំស្រឡាញ់កូនៗរបស់ខ្ញុំទាំងអស់ខ្លាំងណាស់»