(ភ្នំពេញ)៖ ក្លិបបាល់ទាត់របស់កម្ពុជា វិសាខា បានយកឈ្នះក្រុម Kaya FC របស់ហ្វីលីពីន ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកពូល G នៃវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2022 នៅកីឡដ្ឋាន Kapten I Wayan Dipta ប្រទេសឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។

ជំនួបដ៏ជក់ចិត្តនេះ វិសាខា ធ្វើបានយ៉ាងល្អ ទោះបីវគ្គទី១ ពួកគេត្រូវបានក្រុមហ្វីលីពីន បើកការនាំមុខ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Abuloc Amita នៅនាទី៣០ ក៏ដោយ ។

ប៉ុន្ដែចូលវគ្គទី២ ក្រោយចាប់ផ្ដើមលេងបាន ២នាទីប៉ុណ្ណោះ វិសាខា ក៏បានវាយបកតាមស្មើវិញ ដោយកីឡាករ កែន ច័ន្ទសុភ័ក្ដ្រ នៅនាទី៤៧ មុនមិត្តរួមក្រុម សារ ទី បន្ថែម ១គ្រាប់ទៀត តាមរយៈការស៊ុតពីចម្ងាយ នៅនាទី៥៩ ជួយឲ្យវិសាខា បើកការនាំមុខក្រុម Kaya FC វិញ ២-១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

ជ័យជម្នះនេះ បានធ្វើឲ្យវិសាខា ទទួលបាន ៣ពិន្ទុ និងឈរកំពូលតារាងពូល G ជាបណ្ដោះអាសន្ន សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះ មុនបន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី Bali United នាថ្ងៃទី២៧ ខែមិថុនា និងចុងក្រោយជួបក្រុម Kedah Darul Aman របស់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ៕