(បរទេស)៖ ប្រភពពីអ្នកស្រាវជ្រាវ Counterpoint Research បានបង្ហាញឱ្យដឹងថា នៅក្នុងទីផ្សារស្មាតហ្វូនលំដាប់ Premium ទាំងអស់កាលពីត្រីមាសទី១ កន្លងទៅ Apple បានកាន់កាប់ចំណែកទីផ្សារលើសគេដាច់តែម្តង ដែលមានរហូតដល់ទៅ ៦២ភាគរយឯណោះ ដោយក្នុងនោះ iPhone 13 ជាម៉ូដែលដែលនាំមុខគេ បើធៀបទៅនឹងស្មាតហ្វូនលំដាប់ Premium ផ្សេងទៀត។

នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ 9TO5Mac នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា នេះជាត្រីមាសដំបូងហើយរបស់ Apple ដែលបានឈានដល់ភាគហ៊ុនខ្ពស់បំផុតមួយនៅក្នុងផ្នែក Premium ចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០១៧ មក ដោយការកើនឡើងនេះត្រូវបានជម្រុញដោយ iPhone 13។ ខណៈពេលដែល Samsung គឺជាក្រុមហ៊ុនដែលទទួលបានលេខរៀងទី២ ក្នុងចំណែកទីផ្សារស្មាតហ្វូន Premium តែយ៉ាងណាមិញបើធៀបទៅនឹងត្រកូល Galaxy S21 ឃើញថាភាគហ៊ុនក្រុមហ៊ុននេះមានការធ្លាក់ចុះ ក៏ដោយសារតែការពន្យាពេលនៃការចេញលក់ម៉ូដែល Galaxy S22 ហ្នឹងឯង។

យ៉ាងណាមិញសម្រាប់សា្មតហ្វូន Premium ដែលក្រុមអ្នកស្រាវជ្រាវបានរាប់បញ្ចូលខាងលើនោះ គឺសំដៅទៅលើស្មាតហ្វូនទាំអស់ដែលមានតម្លៃចាប់ពី ៤០០ដុល្លារឡើងទៅ មានន័យថា ផលិតផលចាប់ពី Galaxy A53 5G និង iPhone SE ក៏ត្រូវបានរួមបញ្ចូលផងដែរ។

បើយោងទៅតាមតារាងចំណែកទីផ្សារបានបង្ហាញឱ្យឃើញថា Apple ជាក្រុមហ៊ុនដែលឈានមុខគេជាមួយចំណែកទីផ្សារដល់ទៅ ៦២ភាគរយឯណោះ ហើយក្នុងចំណោមស្មាតហ្វូន Premium ៥ ម៉ូដែលដែលនាំមុខគេលើទីផ្សារនេះ ក្នុងនោះរួមាន ៤ ម៉ូឌែលទៅហើយដែលជារបស់ Apple។ លើសពីនេះទៅទៀត iPhone 13 ជាអ្នកនាំមុខគេ ដោយមានចំណែកទីផ្សារដល់ទៅ ២៣ភាគរយ ខណៈ iPhone 13 Pro Max ទទួលបាន ១៣ភាគរយ, iPhone 13 Pro ទទួលបាន ៩ភាគរយ និង iPhone 12 ទទួលបាន ៨ភាគរយ។ ចំណែកឯ Samsung Galaxy S22 Ultra វិញ ឈរនៅលេខរៀងទី ៥ ដែលមានចំណែកទីផ្សារ ៣ភាគរយដែលធ្វើឱ្យម៉ូដែលនេះក្លាយជាស្មាតហ្វូន Android លំដាប់ Premium ដែលលក់បានច្រើនជាងគេបំផុតក្នុងទីផ្សារពិភពលោកត្រីមាសទី ១ ឆ្នាំ ២០២២នេះ៕