(មេនឆេស្ទើ)៖ ក្រុមជើងឯក Premier League មេឃខៀវ Manchester City បានព្រមព្រៀងលើតម្លៃផ្ទេរកីឡាករខ្សែបម្រើប្រយុទ្ធ Kalvin Phillips ពីក្លិបរួមលីគ Leeds United នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។

កីឡាករវ័យទើបតែ ២៦ឆ្នាំខាងលើនេះ ក៏ធ្លាប់បានចូលលេងក្នុងក្រុមតោកំណាចអង់គ្លេស ២៣ប្រកួតមកដែរ ស្ថិតក្រោមការបង្វឹករបស់លោក Gareth Southgate។

Man City ដែលជាជើងឯក PL នារដូវកាលមុន នឹងបង់ថ្លៃ ៤២លានផោននៃតម្លៃផ្ទេរពិតប្រាកដ និងថែម ៣លានផោន ដែលប្រាក់ឧបត្ថម្ភ (Bonus) ដ្បិត Phillips ជាគោលដៅធំទី១ ក្នុងការផ្ទេរនារដូវកាលដោះដូរកីឡាករបច្ចុប្បន្ន ដើម្បីយកទៅជំនួសកន្លែងខ្សែបម្រើដូចគ្នា Fernandinho ដែលបានចាកចេញពីទឹកដី Etihad ក្រោយចំណាយពេល ៩ឆ្នាំនៅទីនេះ។

Phillips ជាកីឡាករយុវជនចេញពីថ្នាលរបស់ក្លិប Leeds United ដែលបង្ហាញខ្លួនសរុប ២១៤ប្រកួត គិតចាប់តាំងពីបានជ្រើសរើសចូលលេងក្រុមធំតាំងពីឆ្នាំ២០១៥ មក៕