(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានរបូតអស់ ៣ពិន្ទុក្នុងជំនួបបើកឆាកពូល I នៃវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2022 បន្ទាប់ពីត្រូវក្រុមសិង្ហបុរី Hougang United វាយបកយកឈ្នះ ៤-៣ វិញនៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីយប់មិញ។

ការប្រកួតនេះ ក្រុមកម្ពុជា ភ្នំពេញក្រោន បានស៊ុតបំប៉ោងសំណាញ់ទីក្រុមសិង្ហបុរី ២គ្រាប់មុនដោយកីឡាករ ជួន ចាន់ចាវ និងកីឡាករ ប្រាក់ ធីវ៉ា នៅនាទី១៥ និងនាទី១៩។ មិនតែប៉ុណ្ណោះ ក្រុមជើងឯកលីគកំពូលកម្ពុជានេះ ក៏បានគ្រប់គ្រងបាល់ និងដាក់សម្ពាធជាខ្លាំងលើគូប្រកួតស្ទើរពេញ ៩០នាទីទៀតផង។

អ្វីដែលគួរឲ្យសោកស្ដាយ និងធ្វើឲ្យអ្នកគាំទ្រមិនអស់ចិត្ត គឺក្រោយក្រុម Hougang United វាយបករកបាន ៤គ្រាប់វិញ ដោយកីឡាករ Pedro នៅនាទី២១, កីឡាករ Recha នៅនាទី២៩, ខ្សែការពារ ឈុំ ភីសា ភ្លាត់ទាត់ចូលទីខ្លួនឯង នៅនាទី៣៧ និងកីឡាករ Moritz នៅនាទី៦០ មុនកីឡាករ ឈុំ ភីសា រកបានគ្រាប់ទី៣ ឲ្យភ្នំពេញក្រោន ហើយក៏ត្រូវបានអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដង។

នេះគឺជាការបរាជ័យនៃការប្រកួតដំបូងក្នុងពូល I របស់ក្រុមសិង្ហក្រហមភ្នំពេញក្រោន មុនពួកគេត្រូវជួបតតាំងជាមួយក្រុមខ្លាំងម្ចាស់ផ្ទះវៀតណាម Viettel FC នាថ្ងៃទី២៧ ខែមិថុនាដើមសប្ដាហ៍ក្រោយ និងចុងក្រោយជួបក្រុម Young Elephant របស់ឡាវ នាថ្ងៃទី៣០ ខែមិថុនាខាងមុខ៕