(អាមេរិក)៖ កាសែតល្បីមួយរបស់អាមេរិក New York Post បានបង្ហោះសារសុំទោសទៅកាន់តារា TikTok ដ៏ល្បីបំផុតលើពិភពលោក រស់ក្នុងប្រទេសអ៉ីតាលី គឺលោក Khabane ចំពោះការដែលមិនបានប្រើឈ្មោះរបស់លោកផ្ទាល់ ក្នុងចំណងជើងព័ត៌មានរបស់ខ្លួន ដោយជំនួសមកប្រើពាក្យថា កម្មកររោងចក្រដែលបាត់បង់ការងារទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

រឿងរ៉ាវនេះបានកើតមានឡើង បន្ទាប់ពីលោក Khabane ទើបតែក្លាយជាអ្នកមានចំនួន Follower ច្រើនបំផុតលើពិភពលោកក្នុងកម្មវិធី TikTok បន្ទាប់ពីចំនួន Follower របស់លោកវ៉ាដាច់តារា TikTok អាមេរិក Charli D'Amelio។ ខណៈចំណងជើងដំបូងរបស់ New York Post បានសរសេរថា «កម្មកររោងចក្រដែលត្រូវបានបញ្ឈប់ពីការងារ បានវ៉ាដាច់ឬឡើងទៅអង្គុយកៅអី Charli D’Amelio និងបានក្លាយជាជាតារា TikTok កំពូលដែលមានអ្នកគាំទ្រ ១៤២.៨លាននាក់។

ការដាក់ចំណងជើងបែបនេះ របស់ New York Post បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងការមិនពេញចិត្តជាខ្លាំង រហូតអ្នកខ្លះបង្ហោះសារថា ការដាក់ចំណងជើងបែបនេះ ប្រៀបបាននឹងការរើសអើស ខណៈអ្នកផ្សេងទៀតបានលើកឡើងថា ចំណងជើងបែបនេះ មិនមែនជាអត្ថន័យនៃការអបអរសាទរឡើយ។ ដោយមានការរិះគន់ចំពោះចំណងជើងរបស់ខ្លួនច្រើនពេក New York Pos បានបង្ហោះសារទទួលស្គាល់កំហុស និងសុំទោសចំពោះសាធារណជនក៏ដូចជា តារា TikTok លោក Khabane ផ្ទាល់ផងដែរ។

គួរជម្រាបថា Khabane Lame វ័យ២២ ឆ្នាំបានក្លាយជាតារា TikTok កំពូលរបស់ពិភពលោកកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយវ៉ាដាច់តារាអាមេរិក Charli D'Amelio ជាផ្លូវការ។ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកមាន Follower ចំនួន ១៤៣.៦លាននាក់ ខណៈ Charli D'Amelio មាន Follower ១៤២.៥លាននាក់។

លោក Khabane Lame គឺជាបុរសម្នាក់ ដែលរស់នៅក្នុងប្រទេសអ៉ីតាលី និងត្រូវបានមនុស្សទូទាំងពិភពលោកស្គាល់ តាមរយៈបណ្តាញសង្គម TikTok។ បើនិយាយទៅ រាល់វីដេអូរបស់លោក គឺជាការធ្វើត្រាប់តាម ធ្វើតែកាយវិកាប៉ុណ្ណោះ និងមិននិយាយស្តីសូម្បីតែមួយម៉ាត់។ ពីមនុស្សបាត់បង់ការងារនៅក្នុងរោងចក្រមួយកន្លែង ដោយសារតែវិបត្តិកូវីដ-១៩ លោក Khabane Lame បានបង្វែរមកលេងបណ្តាញសង្គម រហូតជាប់ឈ្មោះជាបុរស ដែលមានប្រជាប្រិយភាពបំផុត និងរកលុយបានប្រចាំខែបានរាប់ម៉ឺនដុល្លារ៕