(ណតធីងហាំសៀ)៖ ក្លិបបាល់ទាត់អង់គ្លេស Nottingham Forest បានចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Taiwo Awoniyi មកពីក្លិប Union Berlin ដែលលេងនៅលីគអាល្លឺម៉ង់ Bundesliga លើកិច្ចសន្យារយៈពេល៥ឆ្នាំ, នេះបើតាមការប្រកាសពីក្លិបទើបឡើងថ្មី ទៅលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា ក្លិប Forest បានបង់ប្រាក់ឲ្យក្លិប Union ក្នុងតម្លៃកំណត់ត្រារបស់ក្លិប គឺ១៧លានផោន (២០.៨៥លានដុល្លារ) សម្រាប់កីឡាករវ័យ២៤ឆ្នាំរូបនេះ។

Awoniyi បានក្លាយជាកីឡាករដំបូង ដែលបានចុះកិច្ចសន្យាជាមួយក្លិប Forest ចាប់តាំងពីពួកគេបានយកឈ្នះលើក្រុម Huddersfield Town ក្នុងការប្រកួតជម្រុះផ្តាច់ព្រ័ត្រ Championship កាលពីខែមុន ដើម្បីរក្សាកៅអីរបស់ពួកគេ វិលត្រឡប់ទៅលេងនៅលីគ Premier League វិញ។

លោកគឺជាកីឡាករសំខាន់ម្នាក់ សម្រាប់ក្លិប Union កាលពីរដូវកាលមុន ដោយបានស៊ុតបញ្ចូលទី២០គ្រាប់ ក្នុងការបង្ហាញខ្លួន៤៣ប្រកួត នៅក្នុងការប្រកួតទាំងអស់ ខណៈពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី៥ នៅឯលីគ Bundesliga និងរក្សាកៅអីសម្រាប់ការប្រកួតក្នុងលីគ Europa League។

Awoniyi ក៏ធ្លាប់ជាកីឡាកររបស់ក្លិប Liverpool ផងដែរ ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១ ប៉ុន្តែមិនធ្លាប់បានលេងម្តងនោះទេ នៅក្នុងក្រុមជម្រើសដំបូង សម្រាប់ក្លិប ហើយត្រូវបានបញ្ជូនឲ្យលេងខ្ចីជើង នៅឯក្លិបផ្សេងៗជាច្រើនលើកច្រើនសារ៕