(ប៊នម៉ូធ)៖ ក្លិបបាល់ទាត់អង់គ្លេស Bournemouth បានចុះហត្ថលេខា នាំយកខ្សែបម្រើ Joe Rothwell មកពីក្លិប Blackburn Rovers លើកិច្ចសន្យារយៈពេល៤ឆ្នាំ លើការផ្ទេរដោយឥតបង់ថ្លៃ, នេះបើតាមការប្រកាសពីក្លិប ដែលទើបឡើងថ្មីលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ។

Rothwell វ័យ២៧ឆ្នាំ បានស៊ុតបញ្ចូលទី៣គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន១០គ្រាប់ ក្នុងការបង្ហាញខ្លួន៤១ប្រកួត នៅលីគលំដាប់ទី២ Championship សម្រាប់ក្លិប Blackburn ខណៈក្លិបបានខកខាន ការប្រកួតជម្រុះ ជាមួយនឹងការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨។

កីឡាករ Rothwell ដែលបានតំណាងឲ្យក្រុមជម្រើសជាតិអង់គ្លេស កម្រិត Under-20 រូបនេះ បានក្លាយជាកីឡាករទី២ ដែលបានចុះកិច្ចសន្យាក្នុងពេលបិទរដូវកាល សម្រាប់ក្លិប Bournemouth បន្ទាប់ពីការទៅដល់នៃខ្សែការពារ Fredericks ដែលកិច្ចសន្យារបស់លោក មិនត្រូវបានបន្តនៅឯក្លិប West Ham United។

សូមជម្រាបថា Bournemouth បានធានានូវការឡើងដោយស្វ័យប្រវត្តិ ទៅលេងនៅលីគកំពូលអង់គ្លេស Premier League ជាមួយនឹងការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ នៅលីគ Championship៕