(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានសហការជាមួយក្រុមហ៊ុនកសិកម្មជប៉ុនចំនួនពីរ គឺក្រុមហ៊ុន Suzuki Refine និងក្រុមហ៊ុន Sunfields រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការដាំដុះដោយកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំគីមី»

សិក្ខាសាលានេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសិក្ខាកាម និងអ្នកពាក់ព័ន្ធប្រមាណជិត៥០នាក់។

ប្រធាមក្រុមហ៊ុន Suzuki Refine លោក Suzuki Masaya បានឲ្យដឹងថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកឡើងពីបញ្ហាដែលប្រទេសកម្ពុជា កំពុងប្រឈមក្នុងវិស័យកសិកម្ម និងបច្ចេកទេសដាំដុះ ដែលជួយដោះស្រាយបញ្ហាទាំងនេះ។

លោក Suzuki Masaya បានបញ្ចាក់បន្ថែមថា បញ្ហាដែលប្រទេសកម្ពុជា កំពុងប្រឈមក្នុងវិស័យកសិកម្មនោះរួមមាន៖ អត្រានាំចូលបន្លែពីបរទេស សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកប្រចាំឆ្នាំ មានរហូតដល់៦០%, វិធីសាស្ត្រដាំដុះបុរាណ កង្វះខាតសម្ភារៈកសិកម្ម និងបញ្ហាប្រើប្រាស់ជីគីមី និងថ្នាំគីមី លើសបរិមាណកំណត់, ការប្រើប្រាស់ថ្នាំគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថានធ្ងន់ធ្ងរ។

លោកក៏បានឲ្យដឹងទៀតថា នាពេលអនាគតក្រុមហ៊ុន មានបំណងរៀបចំការដាំដុះសណ្តែកខៀវ ដើម្បីនាំចេញទៅកាន់ប្រទេសជប៉ុន ព្រោះប្រទេសជប៉ុន ជាប្រទេសចូលចិត្តបរិភោគសណ្តែកបណ្តុះ ដែលបណ្តុះចេញពីគ្រាប់សណ្តែកខៀវ ប៉ុន្តែគ្រាប់សណ្តែកខៀវ១០០% ក្នុងប្រទេសជប៉ុន គឺសុទ្ធសឹងតែនាំចូលពីក្រៅប្រទេស ដូចជាមីយ៉ានម៉ា បង់ក្លាដែស អូបេគីស្ថាន ជាដើម។

ដោយសារតែមានបញ្ហាមួយចំនួន ពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់គ្រាប់សណ្តែកខៀវ ទៅកាន់ប្រទេសជប៉ុន រួមជាមួយការកើនឡើងតម្លៃផងនោះ ទើបធ្វើឲ្យកម្ពុជាជាប្រទេស ដែលត្រូវបានសំលឹងឃើញថា ជាគោលដៅល្អនៅក្នុងការដុះគ្រាប់សណ្តែកខៀវ សម្រាប់ការនាំចេញទៅប្រទេសជប៉ុន ហើយអាចទទួលបានតម្លៃថ្លៃជាងទីផ្សារក្នុងស្រុកផងដែរ ខណៈដែលគម្រោងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលល្អប្រសើរ ព្រមទាំងអាចធ្វើឲ្យកម្ពុជានាំចេញគ្រាប់សណ្តែកខៀវ ទៅកាន់ជប៉ុនដំបូងបំផុត ប្រសិនបើគម្រោងនេះជោគជ័យ។

ជាមួយគ្នានេះ លោក Kukita Keiichi ប្រធានក្រុមហ៊ុន Sunfields ក៏បានលើកឡើងពីបច្ចេកទេសដាំដុះ ដែលជួយដោះស្រាយបញ្ហាដែលប្រទេសកម្ពុជា កំពុងប្រឈមក្នុងវិស័យកសិកម្មនា ពេលបច្ចុប្បន្ននេះផងដែរ ដោយដំណោះស្រាយទាំងនោះមានដូចជា៖

* ការបង្ហាត់បង្រៀនវិធីសាស្ត្រដាំដុះ បែបជប៉ុនឲ្យបានទូលំទូលាយ

* រៀបចំប្រពន្ធ័គ្រប់គ្រងការដាំដុះស្រប ទៅតាមស្ថានភាពតំបន់ និងប្រភេទដាំដុះ

* លើកកម្ពស់សុក្រិតភាព និងចីរភាពនៃការអង្កេតមើលប្រភេទជំងឺ និងសត្វល្អិតចង្រៃដោយផ្អែកលើទិន្នន័យ ដែលប្រមូលបានពីការដាំដុះ

* វិធីដាំដុះបែបថ្មី ដែលស័ក្តិសមសម្រាប់ដីដាំដុះ

* ចុះការព្រមព្រៀងជាមួយកសិករ ក្នុងការដាំដុះដំណាំបន្លែ ស្របទៅតាមស្តង់ដាបច្ចេកទេសជប៉ុន ព្រមទាំងការប្រមូលទិញទិន្នផល ក្នុងតម្លៃមួយផ្តល់ផលចំណេញសម្រាប់កសិករ

* បង្កើតម៉ាក (brand) បន្ថែមរបស់ក្រុមហ៊ុន ហើយលក់ចែកចាយ ទៅកាន់អតិថិជនចុងក្រោយ។

លោក Kukita Keiichi បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការប្រើប្រាស់វិធីដាំដុះ ដែលបានបង្ហាត់បង្រៀន កសិករចំណាយលើថ្នាំ និងជីគីមីតិចជាងមុន ព្រមទាំងទទួលបានទិន្នផល និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានដោយសារជី និងថ្នាំគីមីផងដែរ៕