(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នៅពហុកីឡដ្ឋានបាល់ទះព្រីនស៍ (ហ្គេ្រនភ្នំពេញ)។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានក្រុមចូលរួមចំនួន ២១ក្រុម។ ម្ចាស់ជ័យលាភីបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ បានទៅលើក្រុមវិសាខា (B) បន្ទាប់ពីយកឈ្នះក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ (B) នៅវគ្គផ្តាច់ព្រ័ត្រ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំឡើងនាពេលនេះក្នុងគោលបំណងសំខាន់ៗដូចតទៅ៖

*ទី១៖ ជាផែនការមួយស្ថិតនៅក្នុងចំណោមផែនការផ្សេងទៀតនៃការអភិវឌ្ឍវិស័យបាល់ទះ ឲ្យកាន់តែរីកចម្រើនថែមទៀត
*ទី២៖ ជាជំហានធ្វើឲ្យមានក្លិបអាជីព ឬក្លិបបាល់ទះ មានអាជ្ញាប័ណ្ណកាន់តែច្រើន ដើម្បីឈានទៅរកស្តង់ដារអន្តរជាតិ ដូចប្រទេសជិតខាង
*ទី៣៖ ពង្រឹងវិស័យបាល់ទះ ឲ្យមានសក្តានុពលបំផុតទូទាំងប្រទេស ឬធ្វើឲ្យបាល់ទះជ្រាបចូលក្នុងក្រអៅបេះដូងរបស់យុវជនយើង រួមចំណែកធ្វើឲ្យប្រជាជនមានសុខភាពល្អ និងកុំឲ្យពួកគេប្រព្រឹត្តអំពើអបាយមុខ ឬអំពើខុសច្បាប់នៅក្នុងសង្គម
*ទី៤៖ បង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗនាពេលខាងមុខ ជាពិសេសការជ្រើសរើសកីឡាករ ចូលជាជម្រើសជាតិសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ
*ទី៥៖ សំខាន់បំផុត ពង្រឹងក្រុមជម្រើសជាតិ ឆ្ពោះទៅការឈ្នះមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣ និងប្រកួតអន្តរជាតិនានា។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួត ដែលមានអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា គឺលោក ស សុខា ដែលជាសេនាធិការដ៏សំខាន់របស់លោក លោកអគ្គលេខាធិការ គណៈកម្មការជំនាញទាំង៧ ដៃគូឧបត្ថម្ភ ដៃគូសារព័ត៌មានដែលបានចុះយកព័ត៌មានផ្ទាល់ ទាំងពិធីចាប់ឆ្នោត ពិធីបើក រហូតដល់ពិធីបិទ នាពេលនេះ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត មានជំនឿជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំនេះ កីឡាកររបស់យើងមកពី២១រាជធានី ខេត្ត ទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីជាទុនទៅពង្រឹងនូវចំណុចខ្វះខាតសម្រាប់ការប្រកួតលើកក្រោយៗទៀត ជាពុំខាន បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល១៨ថ្ងៃ មកនេះ ។

ទន្ទឹមគ្នានេះ គណៈកម្មការជំនាញទាំង៧ ខាងលើ បានយកចិត្តទុកដាក់ និងធ្វើការទៅតាមជំនាញ និងស្មារតីរៀងៗខ្លួន ដែលធ្វើឲ្យកម្មវិធីប្រកួតដំណើរការជោគជ័យល្អ
បំផុត។ នាយឧត្តមសេនីយ៍ សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការជំនាញទាំង៧ នឹងបន្តជួយជ្រោមជ្រែងដើម្បីឲ្យសហព័ន្ធកីឡាបាល់ទះរបស់យើង ខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិ ពិសេសទទួលជោគជ័យនៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ពាក់កណ្តាលឆ្នាំក្រោយ និងដណ្តើម បានមេដាយទី២ ជាប្រវត្តិសាស្ត្របន្ថែមទៀត បន្ទាប់ពីឈ្នះមេដាយសំរឹទ្ធជាប្រវត្តិសាស្ត
នៅប្រទេសវៀតណាម។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានដាក់ចេញនូវណែនាំ និងផ្ញើសារមួយចំនួនទៅកាន់ក្រុមការងារផងដែរ រួមមាន៖

*ទី១៖ សូមក្រុមការងារទាំងអស់ មេត្តាកែលម្អរាល់ចំណុចខ្វះខាតដែលបានកើតមានដើម្បីឆ្ពោះទៅរៀបចំពានទាំងអំឡុងពេលរៀបចំការប្រកួតនេះ ឬបញ្ហាផ្សេងៗរង្វាន់កម្រិតខ្ពស់មួយទៀត គឺពានសម្តេចតេជោ ហ៊ុន សែន នាចុងឆ្នាំនេះ។

*ទី២៖ ក្រុមទទួលបានជ័យលាភីត្រូវអភិវឌ្ឍខ្លួនបន្ថែមទៀត ព្រោះក្រុមថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និង វៀតណាម ជាដើម គេក៏នៅមិនសុខដែលពេលឃើញបាល់ទះកម្ពុជា រីកចម្រើនគួរឲ្យកត់សម្គាល់។ ចំណែកក្រុមមិនបានលទ្ធផលល្អ ត្រូវប្រឹងបន្ថែម [ហាមចាញ់ហើយ បោះបង់ចោល ឈប់លេង]។ សុភាសិតមួយថា «អ្នកឈ្នះមិនដែលបោះបង់ចោលទេ»។ បើសិនបោះបង់នោះ គឺស្មើនឹងចាញ់គ្មានថ្ងៃឈ្នះ។

*ទី៣៖ គ្រូបង្វឹក បានដឹងអំពីតួនាទីរបស់ខ្លួន ហើយកីឡាករ ក៏មានតួនាទីរបស់ខ្លួនដែរ។ គ្រូបង្វឹកត្រូវធ្វើយ៉ាងណាកុំអោយប៉ះពាល់ដល់ការងារបង្វឹក និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្វឹក។ រីឯកីឡាករ ត្រូវមានឆន្ទៈ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន កុំឲ្យសមត្ថភាពនៅដដែល ប៉ុន្តែត្រូវឲ្យល្អជាងមុន។

*ទី៤៖ ក្រុមដែលទទួលបានជ័យលាភី ក៏មិនត្រូវភ្លេចខ្លួន ពោលគឺត្រូវអភិវឌ្ឍន៍ខ្លួនបន្ថែមដើម្បីទទួលលទ្ធផលល្អថែមទៀត និងលទ្ធផលលើឆាកអន្តរជាតិ នាថ្ងៃមុខ។ ចំណែកក្រុមដែលទទួលលទ្ធផលមិនសូវល្អ ក៏ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញ ដើម្បីឲ្យល្អប្រសើរដែរ កុំឲ្យប្រកួតលើកក្រោយនៅលទ្ធផលអន់ដដែល។

*ទី៥៖ សូមស្នើឲ្យស្នងការនគរបាលរាជធានី ខេត្ត បន្តយកចិត្តទុកដាក់លើក្រុមបាល់ទះរបស់ខ្លួន សម្រាប់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ការកៀរគររកអ្នកឧបត្ថម្ភ និងផ្តល់ការហ្វឹកហាត់ជាប្រចាំ។ មិនមែនអស់កម្មវិធីនេះហើយ រំសាយក្រុមចោលទេ។ រឿងនេះ សូមក្រុមការងារគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ក៏ដូចជាអគ្គលេខាធិការ តាមដានរឿងនេះផង។ បើលេងឲ្យរំសាយក្រុមៗនោះយើងមិនអាចដើរទៅមុខបានទេ។ ការធ្វើបែបនេះ គឺដើម្បីបង្កើនសមត្ថភាពត្រៀមប្រកួតពានរង្វាន់បន្តបន្ទាប់ទៀត និងផលិតឲ្យបានកីឡាករបាល់ទះដែលមានគុណផលខ្ពស់។

*ទី៦៖ សម្រាប់ ៧ក្រុម ដែលរកបានឱកាសនេះ គឺត្រូវចាត់ទុកជាក្រុមខ្លាំង ដើម្បីទៅលេងពានសម្តេចតេជោ នាពេលខាងមុខ។ ដូច្នេះត្រូវបន្តយកចិត្តទុកដាក់ និងហ្វឹកហាត់ឲ្យខ្លាំងក្លាបំផុត ដើម្បីគ្រូជម្រើសជាតិមើលឃើញពីសមត្ថភាពរបស់ខ្លួន ប្រឹងដើម្បីខ្លួនឯង ដើម្បីបាល់ទះកម្ពុជា និងដើម្បីមោទនភាពជាតិយើង៕