(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការរៀបចំពិព័រណ៍វិទ្យាសាស្រ្តស្នាដៃរបស់សិស្សានុសិស្សលើកទី៦ ឆ្នាំ២០២២ នៃសាលាចំណេះទូទៅអន្តរជាតិឌូវី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងសាលប្រជុំធំខេត្តបន្ទាយមានជ័យ។

សាលាចំណេះទូទៅអន្តរជាតិឌូវីនេះមានកម្មវិធីសិក្សាភាសាអង់គ្លេស ចិន ថៃ ខ្មែរ ស្របតាមបទដ្ឋានអន្តរជាតិ ពិសេសសិស្សប្រឡងធ្វើតេស្តភាសាអង់គ្លេស ដែលអាចឲ្យសិស្ស និស្សិត ប្រឡងផ្ទាល់សម្រាប់ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានកោតសរសើរដល់សាលាឌូវី ដែលបានរៀបចំរចនាសម្ព័ន្ធបង្រៀនកូនសិស្សទៅតាមស្តងដាអន្តរជាតិបានល្អក្នុងថ្នាក់រៀនចាប់ពីសិស្សអាយុ៣ឆ្នាំដល់ក្រោម៦ឆ្នាំសិស្សាពេញ១ថ្ងៃជាមួយគ្រូខ្មែរ គ្រូបរទេស ដែលប្រកបដោយគរុកោសល្យ និងវិជ្ជាជីវ័ខ្ពស់ ដោយអនុវត្តតាមកម្មវិធីសិក្សាខ្មែរអាមេរិកាំង។

លោកបានឲ្យដឹងទៀតថា សាលាឌូវីសិក្សាតាមស្តង់ដាជាតិ និងទទួលស្គាល់ខ្ពស់ជាលក្ខណៈអន្តរជាតិបានចូលរួមចំណែកយ៉ាងសកម្ម និងមោះមុតក្នុងការដឹកនាំអភិវឌ្ឍលើវិស័យអប់រំមួយនេះឲ្យបោះជំហានទៅរកការរីកចំរើនប្រកបដោយចេរភាពដូចប្រទេសដែលអភិវឌ្ឍផងដែរ។

លោកអភិបាលខេត្តបានចែកប័ណ្ណសរសើរដល់សិស្សដែលមានស្នាដៃឆ្នើមក្នុងការច្នៃប្រឌិតរបស់ចេញទៅបែបវិទ្យាសាស្ត្រ មានលេខ១ លេខ២ និងលេខ៣ផងដែរ៕