(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធ Gareth Bale បានព្រមព្រៀងផ្ទេរទៅលេងឲ្យក្លិបអាមេរិក Los Angeles FC ក្នុងក្របខណ្ឌ Major League Soccer ក្រោមកិច្ចសន្យា និងតម្លៃពលកម្មបិទជិត។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានក្រុមជម្រើសជាតិវ៉េលខាងលើ នេះ បានទម្លាយថា រូបគេបានព្រមព្រៀងគ្នាមួយ LAFC ជាផ្លូវការហើយ នៅមុនពេលកិច្ចសន្យាចាស់នៅទឹកដី Satiago Bernabeu នឹងចប់សព្វគ្រប់នៅបំណាច់ខែមិថុនា ឆ្នាំ២០២២ នេះ ដែលជាការផ្ទេរគ្មានតម្លៃខ្លួនផងដែរពីក្លិបអេស្ប៉ាញ Real Madrid។

សហប្រធានក្លិប LAFC លោក John Thorrington មិនបានបញ្ជាក់ពីរយៈពេលកិច្ចសន្យារបស់កីឡាករវ័យ ៣២ឆ្នាំ Bale នោះទេ ក៏ប៉ុន្តែក៏មានន័យថា ត្រឹមរយៈពេល ៦ខែនោះដែរ ដោយលោកបានថ្លែងយ៉ាងខ្លីថា «ទំនាក់ទំនងរវាង LAFC និង Gareth Bale នឹងមានភាពយូរអង្វែង និងចាត់ទុកដូចជាគ្រួសារតែមួយ»

Bale ដែលមានទទួលបានថ្លៃនឿយហត់ប្រមាណ ៦០ម៉ឺនផោនក្នុង ១សប្តាហ៍ជាមួយ Real Madrid នោះ ជាកីឡាករទី២ ដែល LAFC យកបានក្នុងរដូវកាលដោះដូរកីឡាករនាពេលបច្ចុប្បន្ននេះ ក្រោយការមកដល់របស់ Giorgio Chiellini បន្ទាប់ពីចាកចេញពីក្លិបក្នុងស្រុក Juventus នៃប្រទេសអ៉ីតាលី៕