(បរទេស)៖ ចាប់តាំងពីចាក់បញ្ចាំងដំបូង ខ្សែភាពយន្ត «Top Gun: Maverick» របស់ Tom Cruise បានក្តោបក្តាប់ប្រាក់ចំណូលដ៏ច្រើនលើសលប់ជាងភាពយន្តណាទាំងអស់ ខណៈថ្មីៗនេះ ពោលគឺគិតត្រឹមចុងសប្តាហ៍កន្លងទៅនេះ «Top Gun: Maverick» រកប្រាក់ចំណូលបានជាង ១ពាន់លានដុល្លារអាមេរិកទៅហើយ ដែលធ្វើឲ្យវាក្លាយជាភាពយន្តរកបានប្រាក់ចំណូលច្រើនបំផុតលើពិភពលោក ប្រចាំឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ជាមួយនឹងការលក់សំបុត្រសរុប បានប្រាក់ជាង១ពាន់លានដុល្លារ បានធ្វើឲ្យភាពយន្តនេះ «Top Gun: Maverick» វ៉ាដាច់រឿង «Doctor Strange In The Multiverse of Madness» ដែលរកប្រាក់ចំណូលបានខ្ទង់ ៩៤៣លានដុល្លារអាមេរិក។

គិតត្រឹមចុងសប្តាហ៍នេះ រឿងភាគបន្តនៃរឿង Top Gun ឆ្នាំ១៩៨៦ របស់ Tom Cruise គឺជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ ខណៈប្រាក់ចំណូលនៅអាមេរិកខាងជើង បានចំនួន៥២១លានដុល្លារ។ រួមជាមួយនឹង ៤៨៤.៧លានុដល្លារទៀត បានមកពីការលក់សំបុត្រនៅជុំវិញពិភពលោក ដែលធ្វើឲ្យចំណូលសរុបបានជាង១ពាន់លានដុល្លារ ក្លាយជាភាពយន្តរកប្រាក់ចំណូលបានច្រើនបំផុតលើពិភពលោក ប្រចាំឆ្នាំ។

គួរជម្រាបថា ភាពយន្ត «Top Gun» នេះ Tom Cruise ធ្លាប់សម្តែងម្តងកាលពី៣៥ឆ្នាំមុន ដោយសម្តែងជាតួអង្គ Pete Mitchell ហើយរឿងថ្មីនេះ គឺជាបេសកម្មថ្មីមួយទៀតដែលតួអង្គ Mitchell ត្រូវតែប្រតិបត្តិការ។ វគ្គថ្មីនេះ លោកត្រូវសហការជាមួយនឹងតួអង្គឈ្មោះ Bradley ដែលជាកូនរបស់មិត្តសម្លាញ់របស់លោក កាលពីវគ្គទីមួយ។ រឿងនេះ បានពន្យាពេលម្តងហើយម្តងទៀត ដោយសារបញ្ហាកូវីដ-១៩ ទម្រាំតែបានបញ្ចាំងកាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ៕