(កំពត)៖ ក្រុមហ៊ុន GC Life បានចូលរួមឧបត្ថម្ភធំដល់គម្រោង «អនាម័យខ្ញុំ (Hygiene For All)» ដែលបានរៀបចំឡើងដោយក្លឹបយុវជនផារ៉ាហ្គន (Paragon Youth Club) ក្នុងការកសាងអណ្តូងទឹក និងកន្លែងលាងដៃសម្រាប់សិស្សានុសិស្សប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងបរិវេណសាលាបឋមសិក្សាចំនួន ២ គឺសាលាបឋមសិក្សាអណ្តែងសាង និងសាលាបឋមសិក្សាវាលក្រសាំង ស្ថិតនៅស្រុកឈូក ខេត្តកំពត។

ទន្ទឹមនឹងនេះដែរ ក្នុងកម្មវិធីដែលបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនក៏បានឧបត្ថម្ភនូវសម្ភារៈសិក្សាជាច្រើនជូនដល់សិស្សានុសិស្ស ព្រមទាំងបានចូលរួមក្នុងការដាំដើមឈើ នៅក្នុងបរិវេណរបស់សាលាផងដែរ។

ក្រុមហ៊ុន GC Life ជឿជាក់ថា ការឧបត្ថម្ភនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការជួយឲ្យកុមារដែលរស់នៅតាមតំបន់ជនបទទទួលបានទាំងការសិក្សា និងការយកចិត្តទុកដាក់លើការថែទាំសុខភាពអនាម័យរបស់ពួកគេ។

ការយកចិត្តទុកដាក់លើការថែទាំសុខភាពអនាម័យរបស់សិស្សានុសិស្ស គឺជាកត្តាមួយដែលជួយជម្រុញឲ្យកុមារតូចៗមានក្តីស្រឡាញ់ចំពោះការសិក្សា និងចង់មកសាលារៀន។ ការយកចិត្តទុកដាក់នេះ គឺជាកត្តាដ៏សំខាន់ក្នុងការជួយឲ្យកុមារមានទំលាប់ល្អក្នុងការរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន។

សុខភាព គឺជាកត្តាចម្បងបំផុតក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ជាពិសេសការអប់រំកុមារឲ្យយល់ដឹងពីអនាម័យ កាន់តែមានភាពចាំបាច់ក្នុងការជួយទ្រទ្រង់សុខុមាលភាពរបស់កុមារ ក៏ដូចជាការលូតលាស់ទៅថ្ងៃអនាគតផងដែរ។

ក្រុមហ៊ុន GC Life តែងតែយកចិត្តទុកដាក់ចូលរួមក្នុងសកម្មភាពជួយដល់សង្គម ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឲ្យមានការរីកចម្រើននៅក្នុងសង្គមជាតិទាំងមូល ៕

សម្រាប់ព័ត៌មានផ្សេងៗអំពីក្រុមហ៊ុន GC Life សូមទាក់ទងមកកាន់លេខទូរសព្ទលេខ៖ 023 989 218 / 098 989 218 ឬ គេហទំព័រហ្វេសបុក GC Life Insurance ឬ
គេហទំព័រ https://www.gc-life.com.kh/kh/