(ភ្នំពេញ)៖ កម្មវិធីប្រកួតរ៉ូបូតដ៏ធំប្រចាំឆ្នាំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងក្រោមក្រសែភ្នែកទស្សនិកជន ជិត១ពាន់នាក់ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

ការប្រកួតប្រជែងធ្វើឡើងរយៈពេលជាង៤ម៉ោង ដោយរកឃើញជ័យលាភីដូចជា៖

*១៖ ជ័យលាភីលេខ១ បានទៅលើក្រុមCADT01 (ទទួលបានពីកម្មវិធី ២លានរៀល មេដាយមាស និងពានមួយ និងទទួលបាន ២លានរៀល បន្ថែមពីលោក ខៀវ កាញារីទ្ធ)
*២៖ ជ័យលាភីលេខ២ បានទៅលើក្រុមITC02 (ទទួលបានពីកម្មវិធី ៨០ម៉ឺនរៀល មេដាយប្រាក់ និងពានមួយ និងទទួលបាន ១លាន៥០ម៉ឺនរៀល បន្ថែមពីលោក ខៀវ កាញារីទ្ធ)
*៣៖ ជ័យលាភីលេខ៣ បានទៅលើក្រុមNPIC01 (ទទួលបានពីកម្មវិធី ៤០ម៉ឺនរៀល និងមេដាយសំរិទ្ធិ និងទទួលបាន ១លាន២០ម៉ឺនរៀ បន្ថែម ពីលោក ខៀវ កាញារីទ្ធ)
*៤៖ ជ័យលាភីផ្នែកគំនិត បានទៅលើក្រុមITC01 (ទទួលបានពីកម្មវិធី ៤០ម៉ឺនរៀល និងពានមួយ)
*៥៖ ជ័យលាភីផ្នែករចនា បានទៅលើក្រុមITC02 (ទទួលបានពីកម្មវិធី ៤០ម៉ឺនរៀល និងពានមួយ)
*៦៖ ជ័យលាភីផ្នែកវិស្វកម្ម បានទៅលើក្រុមNPIC01 (ទទួលបានពីកម្មវិធី ៤០ម៉ឺនរៀល និងពានមួយ)
*៧៖ ជ័យលាភីផ្នែកប្រជាប្រិយភាព បានទៅលើក្រុម NUM02 (ទទួលបានពីកម្មវិធី ៤០ម៉ឺនរៀល និងពានមួយ)
*៨៖ ពានរង្វាន់តូយ៉ូតា បានទៅលើក្រុមITC02 (ទទួលបានប្រាក់រង្វាន់ ១លាន២សែនរៀល ពីក្រុមហ៊ុនតូយ៉ូតា)

បន្ថែមពីនេះ ក្រុមដែលមិនទទួលបានពានណាមួយលោក ខៀវ កាញារីទ្ធ ឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយក្រុម ១លានរៀលផងដែរ។ គួររំលឹកថា ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២ ធ្វើការប្រកួតប្រជែងដោយក្រុមនិស្សិតកម្ពុជា ផលិតរ៉ូបូតដោយខ្លួនឯង ចំនួន២ ប្រកបដោយភាពច្នៃប្រឌិតរៀងៗខ្លួន ក្រោមវិញ្ញាសា រ៉ូបូតយកបាល់គប់ឌីសLagori។ យើងមានក្រុមចំនួន៩ចូលរួម មកពី៥សាលាដូចជា CADT, CamTech, ITC, NPIC & NUM។

សូមបញ្ជាក់ថា នេះជាឆ្នាំទី៩ហើយ ដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ហើយជ័យលាភីជើងឯកប្រចាំឆ្នាំ២០២២ ក្រុមCADT01 នឹងក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2022 តាមប្រព័ន្ធអនឡាញ ដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះ៕