(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ទើបតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១ និងវិញ្ញាបនបត្រទទួលស្គាល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI-PIN កម្រិត ៣.១ ពីក្រុមហ៊ុន ControlCase សហរដ្ឋអាមេរិកដែលធ្វើឱ្យធនាគារ ស្ថាបនា ក្លាយជាធនាគារដែលមានសុវត្ថិភាពខ្ពស់ និងគួរឱ្យទុកចិត្តជាងគេនៅក្នុងប្រទេសកម្ពុជា។

នៅខែមេសា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលបានវិញ្ញាបនបត្រ PCI-DSS ក្រោយពីបានបំពេញតាមលក្ខខណ្ឌនៃស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១។ នៅក្នុងខែឧសភា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលវិញ្ញាបនបត្រមួយទៀត PCI PIN ក្រោយពីបានបំពេញតាមលក្ខខណ្ឌស្ដង់ដារសុវត្ថិភាពនៃលេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI PIN កម្រិត៣.១។

លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានថ្លែង៖ «ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា យើងចាត់ទុកសុវត្ថិភាព គឺជាចំនុចដ៏សំខាន់បំផុត។ ការវាយតម្លៃទទួលស្គាល់នេះមានសារៈសំខាន់ណាស់សម្រាប់យើង ក្នុងការពង្រឹងសុវត្ថិភាពធនាគារ និងការពារអតិថិជនរបស់យើង។ យើងមានមោទនភាពជាខ្លាំង ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ដែលបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងសុវត្ថិភាពទិន្នន័យអ្នកកាន់ប័ណ្ណ ការពារលេខកូដសម្ងាត់របស់អតិថិជន និងកសាងទំនុកចិត្តអតិថិជន»

លោកបានបន្ថែមថា៖ «សមិទ្ធផលនេះ គឺមិនអាចកើតមានឡើង ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកផ្នែកសន្តិសុខព័ត៌មានវិទ្យា ដែលបានខិតខំបំពេញតាមលក្ខខណ្ឌចាំបាច់ដើម្បីធ្វើឱ្យសេវាទូទាត់កាតរបស់យើងកាន់តែល្អប្រសើរឡើង និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងសាធារណជន»

លោក Suresh Dadlani នាយកក្រុមហ៊ុន ControlCase International Pvt. Ltd., បានថ្លែងថា៖ «ControlCase មានមោទនភាពយ៉ាងខ្លាំងដែលបានសហការ និងបានជូនដល់ធនាគារ ស្ថាបនា នូវវិញ្ញាបនបត្រ PCI-DSS កម្រិត ៣-២-១ ក្នុងរយៈពេលក្រោម៨ខែ និងវិញ្ញាបនបត្រ PCI PIN កម្រិត ៣.១ ក្នុងរយៈពេលប្រមាណជា៩ខែ»

លោកបានបន្ថែមថា៖ «កិច្ចការនេះអាចធ្វើទៅបាន ដោយសារតែមានការប្តេជ្ញាចិត្ត និងការសម្រេចចិត្តទាន់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មជាមួយការអនុវត្តគម្រោងទាំងពីរនេះ»

PCI-DSS កម្រិត១ គឺជាលក្ខខណ្ឌតម្រូវដែលបានរចនាឡើង ដើម្បីធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាជីវកម្ម ដែលរក្សាទុក បញ្ជូន ឬដំណើរការទិន្នន័យកាតឥណទាន។ វាជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនទាំងអស់ ដែលត្រូវរក្សាទុកទិន្នន័យកាតនៅក្នុងប្រព័ន្ធរបស់ពួកគេ និងក្រុមហ៊ុនទាំងអស់ដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនផ្សេងទៀតក្នុងនាមជាអ្នកផ្តល់សេវា។

PCI-PIN កម្រិត ៣.១ គឺជាតម្រូវការផ្នែកសុវត្ថិភាព និងការវាយតម្លៃចំពោះពាណិជ្ជករ ដែលទទួលយក ដំណើរការ ឬបញ្ជូនលេខអត្តសញ្ញាណប័ណ្ណទូទាត់ផ្ទាល់ខ្លួន (PIN)។

ស្ដង់ដារសុវត្ថិភាព PCI DSS និងPCI-PIN ត្រូវបានបង្កើតឡើង ជាមួយនឹងវិធានការសុវត្ថិភាព ដែលបានព្រមព្រៀង ជាសាកល ដោយធានាបាននូវសុវត្ថិភាព ទិន្នន័យ និង ទំនុកចិត្ត របស់ម្ចាស់ប័ណ្ណ។ វាផ្ដល់នូវខ្សែបន្ទាត់មូលដ្ឋាន មិនត្រឹមតែធានាបាននូវតម្រូវការបច្ចេកទេស និងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធនាបាននូវស្ថានីយដំណើរការ និងសម្ភារៈបរិក្ខារសម្រាប់ដំណើរការកាតបង់ប្រាក់ផងដែរ៕