(ភ្នំពេញ)៖ សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា (Cambodia Wheelchair Basketball Federation) បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ព្រមទាំងបង្ហាញក្រុមកីឡាករជម្រើសជាតិ ដើម្បីត្រៀម ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (ASEAN Para Game 2023) ដែល កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ពិធីនេះបានរៀបចំធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដោយមានការចូលរួមពីភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិជិត ២០០នាក់ រួមមានសមាជិករាជរដ្ឋាភិបាល តំណាង ក្រសួង/ស្ថាប័ន តំណាងមកពីសភាពាណិជ្ជកម្មក្រៅប្រទេសប្រចាំកម្ពុជា ម្ចាស់អាជីវកម្មក្នុងស្រុក និងអង្គការសង្គម ស៊ីវិលដទៃទៀតដែរ។

ក្នុងឱកាសនោះដែរ CWBF ក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏អស្ចារ្យ និងក្រុមអត្តពលិកបាល់បោះរទេះជនពិការ កម្ពុជាពោរពេញដោយសមត្ថភាព និងជំនាញដែលកំពុងទទួលការហ្វឹកហាត់លំដាប់ថ្នាក់ពិភពលោក ជា ពិសេសនឹងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ សហព័ន្ធគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូបង្វឹកមកពី Team USA Basketball Gold សហរដ្ឋអាមេរិក ក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ ក្រុមអត្តពលិកបាល់បោះរទេះជនពិការកម្ពុជា មានឆន្ទៈ និងជំនឿយ៉ាងមុតមាំក្នុង ការដណ្តើមជើងឯក និងពានរង្វាន់ដទៃទៀតជូនជាតិមាតុភូមិ។

ដូចគ្នានោះដែរ មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយចំពោះការសម្រេចចិត្ត របស់សហព័ន្ធ ក្នុងការតែងតាំងឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការ ដោយសារមីន (អាជ្ញាធរមីន ) ជាប្រធានសហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា ស្របទៅនឹងការទទួលខុសត្រូវក្នុងការគ្រប់គ្រងវិស័យ សកម្មភាពមីន និងសង្រ្គោះជនពិការ ដោយសារមីននៅកម្ពុជា ដែលការតែងតាំងនេះ ពិតជាសាកសម និង មានគុណតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះតែអត្តពលិកជាច្រើនទាំងក្រុមបុរស និងក្រុមនារី គឺជាអ្នករស់រាន មានជីវិត ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេច ចិត្តរបស់ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ស្នើសុំឲ្យរូបខ្ញុំដឹកនាំធ្វើជាប្រធាន សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាក្នុងគោលដៅជួយអភិវឌ្ឍ និងលើកកម្ពស់វិស័យកីឡាជនពិកា រនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំពិតជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការលះបង់ ការខិតខំប្រឹងប្រែង និង ឆន្ទៈដ៏មុះមុតរបស់បងប្អូនមានពិការភាព ដែលបានសម្រចចិត្តចូលរួមលើកស្ទួយដល់វិស័យកីឡាជាតិ ព្រម ទាំងឈរជាបង្គោលយ៉ាងរឹងមាំ ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ ដូចអ្វីដែលខ្ញុំតែងតែផ្តល់តម្លៃ និងចាត់ទុកថា ពិការភាពមិនមែនអសមត្ថភាព»

ព្រីនស៍ ហូលឌីង គ្រុប ក្រោមការដឹកនាំរបស់ប្រធាន ចេន ហ្សុី មានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានថ្លែងដែរថា «កាលពីមុន យើងបានចូលរួមចំណែកជាច្រើន ដើម្បីជួយលើកស្ទួយវិស័យកីឡាក្នុងស្រុក ដូចជាបាល់ទះ និងបាល់ទាត់ ជាដើម។ នេះជាការចូលរួមលើកដំបូងរបស់យើងក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការ»

លោកថា «យើងពិតមានកិត្តិយសក្នុងការចូលរួមក្នុងការលើកកម្ពស់កិច្ចការសង្គម តាមរយៈការរៀបចំការបង្ហាញក្រុមកីឡាបាល់បោះរទេះជនពិការកម្ពុជា ចូលក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គែមលើកទី១២ ឆ្នាំ២០២៣ ខាងមុខ»

ចំណែកឯលោក Michael Tuon គ្រូបង្វឹកខ្មែរ-អាមេរិក បានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីក្រុម Team USA Basketball Gold និងគ្រូបង្វឹកដែលមានវិញ្ញាបនបត្រពីសមាគមបាល់បោះរទេះរុញជាតិ (NWBA) បានទទួលស្គាល់ថា ការចូលរួមនេះ គឺនឹងក្លាយជាដំណើរដ៏រំភើបមួយ ខណៈដែលលោកជាអ្នកដឹកនាំការ ហ្វឹកហាត់បាល់បោះរទេះ រុញកម្ពុជានេះ។

លោកថា «ជនរួមជាតិអត្តពលិករទេះរុញជាច្រើននាក់បានជម្នះ ឧបសគ្គនៃការមិនអនុញ្ញាតឱ្យពិការភាពរបស់ពួកគេបញ្ឈប់ក្តីសុបិនរបស់ពួកគេឡើយ។ ខ្ញុំជឿជាក់ ថាវិធីសាស្រ្ត «រថភ្លើងដើម្បីឈ្នះ» នេះត្រូវបានអនុម័តពីការអភិវឌ្ឍអត្តពលិករយៈពេលវែង-LTAD នឹងបង្កើត រចនាសម្ព័ន្ធហ្វឹកហ្វឺនដ៏ល្អបំផុត សម្រាប់ភាពជោគជ័យរបស់យើង»

នៅពេលដែលអត្តពលិកលេងកីឡានៅឆ្នាំក្រោយ ពួកគេទាំងអស់គ្នានឹងស្លៀកពាក់ឯកសណ្ឋាន ពណ៌ខៀវ ក្រហម និងស ដែលរចនាថ្មីស្រឡាង បង្ហាញអំពីពណ៌តំណាងជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ផ្នត់គំនិតជាតិថ្មី ដែលរួមបញ្ចូលនិមិត្តសញ្ញាវប្បធម៌របស់ប្រទេសកម្ពុជា ដូចជាផ្ការំដួល និងប្រាសាទអង្គរវត្ត៕