(បរទេស)៖ នៅក្នុងព្រឹត្តិបត្រ Power On ចុងក្រោយរបស់លោក Mark Gurman មកពី Bloomberg បានឡើកឡើងទាក់ទិនទៅនឹង បន្ទះឈីប M2 ថ្មីដែលត្រូវបានបំពាក់លើត្រកូល Macs ខណៈដែលលោករំពឹងថា Apple នឹងដាក់បង្ហាញវត្តមានវានៅក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកាសបង្ហាញ Processor ថ្មី។ ដោយឡែកជាមួយនឹងគំនិតនេះត្រូវបានគេព្យាករណ៍ថា បន្ទះឈីប M2 ទំនងជាមកជាមួយនឹងម៉ូដែល Pro, Ultra, Max និង Extreme នៅប៉ុន្មានខែខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9TO5Mac នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

យោងតាមការគូរបញ្ជាក់របស់លោក Gurman បានឱ្យដឹងថា ផលិតផលរបស់ Apple ដែលនឹងត្រូវបានបំពាក់ជាមួយនឹងបន្ទះឈីប M2 Macs រួមមាន ម៉ូដែល Mac mini ថ្មីដែលត្រូវបានបំពាក់ជាមួយនឹងបន្ទះឈីប M2 និង M2 Pro, ម៉ូដែល MacBook Pro 14-inch និង 16-inch ថ្មីជាមួយបន្ទះឈីប M2 Pro និងបន្ទះឈីប M2 Max រួមទាំងម៉ូដែល Mac Pro ថ្មីជាមួយនឹងបន្ទះឈីប M2 Ultra និង M2 Extreme ផងដែរ។

យ៉ាងណាមិញចំពោះការដាក់បង្ហាញម៉ូដែល Mac mini ថ្មីនេះមានពាក្យចចាមអារ៉ាមមួយរយៈមកហើយ ប៉ុន្តែមកទល់ពេលនេះ វាមិនច្បាស់ថាតើនៅពេលណាដែល Apple គ្រោងនឹងបង្ហាញបច្ចេកវិទ្យាជំនាន់ក្រោយនេះ ឬពេលណាដែលវានឹងដកផ្នែកមួយនៃ Intel ចេញនោះឡើយ។

ដោយឡែកសម្រាប់ MacBook Pro ជំនាន់ក្រោយនេះវិញ វាសមហេតុផលហើយដែលថា Apple នឹងធ្វើការ Update ម៉ូដែលទាំងនេះជាមួយនឹងបន្ទះឈីប M2 Pro និង M2 Max ខណៈដែលការប្រកាសបង្ហាញពី MacBook Pro កម្រិតដំបូងពីក្រុមហ៊ុននោះវាមើលទៅដូចទៅនឹងម៉ូដែលឆ្នាំ២០២០ អ៊ីចឹងប៉ុន្តែជាមួយបន្ទះឈីប M2 នៅខាងក្នុង Apple នឹងត្រូវកាអាប់ដេតក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះនូវទំហំ 14-inch និង 16-inch រួមជាមួយនឹងការឌីហ្សាញថ្មី និងរន្ឋសាកផងដែរ។

ជាចុងក្រោយលោក Mark Gurman ជឿជាក់ថា Mac Pro ដែលមានបន្ទះឈីប M2 Ultra និង Extreme និងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។