(ភ្នំពេញ)៖ ក្រុមវិសាខា នឹងបន្ដជួបក្រុមម្ចាស់ផ្ទះ Bali United នាវេលាម៉ោង ៤ល្ងាចនេះ (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតទី២ ក្នុងពូល G នៃពានរង្វាន់ AFC Cup 2022 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ជុំវិញការប្រកួតខាងលើ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមវិសាខា បានបង្ហាញទំនុកចិត្តខ្ពស់ បន្ទាប់ពីក្រុមខ្លួនធ្វើបានយ៉ាងល្អកាលពីប្រកួតទី១ ដោយបានវាយបកយកឈ្នះក្រុមហ្វីលីពីន Kaya FC ដោយលទ្ធផល ២-១ កាលពីសប្ដាហ៍មុន។

មុនជួប Bali ល្ងាចនេះ លោកថ្លែងក្នុងសន្និសីទសារព័ត៌មានថា «ខ្ញុំសង្ឃឹមថា ការប្រកួតនេះ នឹងក្លាយជាការប្រកួតមួយដ៏អស្ចារ្យ ដោយសារយើងនឹងត្រូវលេងក្រោមក្រសែភ្នែកទស្សនិកជនរាប់ម៉ឺននាក់ ហើយខ្ញុំក៏សង្ឃឹមដែរថា ក្រុមរបស់យើង នឹងធ្វើបានល្អជាងការប្រកួតទី១ ទៀត»

លោកបន្ថែមថា មុនការប្រកួតពូល G ចាប់ផ្ដើម លោកបានចាត់ទុកក្រុម Bali United គឺជាក្រុមមួយខ្លាំងជាងគេក្នុងពូល តែក្រោយឆ្លងកាត់ការប្រកួតដំបូងរៀងៗខ្លួន លោកបានផ្លាស់ប្ដូរការគិតរបស់ខ្លួន ដោយយល់ថា វិសាខា និង Bali United គឺមានកម្រិតប្រហាក់ប្រហែលគ្នា។ រីឯលទ្ធផលថ្ងៃនេះ គឺអាស្រ័យលើក្រុមណារៀបចំបានល្អជាង លេងបានល្អជាង និងបង្កើតឱកាសបានច្រើនជាងប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ លោកថែមទាំងបានផ្លាស់ប្ដូរគោលដៅសម្រាប់ការប្រកួតក្នុងពូល G ទៀតផង ដោយលោកបញ្ជាក់ថា «ខ្ញុំបានកំណត់គោលដៅតាំងពីមុនចាកចេញពីប្រទេសកម្ពុជាមក គឺឈ្នះ ២ ស្មើ ១ គឺឈ្នះ Kaya ស្មើ Bali និងឈ្នះ Kedah។ ប៉ុន្ដែបន្ទាប់ពីខ្ញុំឃើញទម្រង់លេងកូនក្រុមខ្ញុំ កាលពីប្រកួតទី១ មក ខ្ញុំគិតថា នឹងព្យាយាមយកឈ្នះទាំង ៣ប្រកួតតែម្ដង»

សូមបញ្ជាក់ថា វិសាខា គឺជាក្រុមមួយ ក្នុងចំណោម ២ក្លិប ដែលតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីខាងលើ ខណៈ ១ក្រុមទៀត គឺក្លិបភ្នំពេញក្រោន ដែលធ្វើការប្រកួតជម្រុះពូល I នៅប្រទេសវៀតណាម។ សម្រាប់លទ្ធផលប្រកួតដំបូង វិសាខារកបាន ៣ពិន្ទុពេញ ឯភ្នំពេញក្រោន ត្រូវបានក្រុម Hougang United របស់សិង្ហបុរី វាយបកឈ្នះក្នុងលទ្ធផល ៤-៣ កាលពីថ្ងៃសុក្រកន្លងទៅ។ ថ្ងៃនេះ ភ្នំពេញក្រោន ក៏នឹងត្រូវធ្វើការប្រកួតទី២ របស់ខ្លួន ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Viettel FC ផងដែរ៕