(ភ្នំពេញ)៖ លោក ហេង ឡាលីន និងភរិយា បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួន តាមរយៈភ្នាក់ងាររបស់អង្គភាពព័ត័មាន Fresh News ជូនដល់កីឡាករឡុង ជិន ដែលកំពុងមានជីវភាពខ្វះខាត ស្រាប់ហើយ ថែមទាំងជួបទុក្ខ១ជាន់ទៀត ដោយត្រូវខ្យល់កន្រ្តាក់បក់បោកលំនៅដ្ឋាន បណ្ដាលឲ្យដួលរលំរងការខូចខាតខ្ទេចខ្ទីអស់ទាំងស្រុងកាលពីប៉ុន្មានថ្ងៃមុននេះ។

អំណោយខាងលើនោះរួមមាន៖ ថវិកាចំនួន៥០០ដុល្លារ រួមជាមួយអង្ករ ទឹកសុទ្ធ មី ត្រីខកំប៉ុង ទឹកផ្លែឈើ ស្ករ ប៊ីចេង ទឹកត្រី ទឹកសុីអុីវ សាប៊ូកក់សក់ សាប៊ូលាងចាន សាប៊ូបោកខោអាវ សាប៊ូដុសខ្លួន ចាន ឆ្នាំង មុង ភួយ និងកន្ទេលនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។ លោកគ្រួច វណ្ណា ភ្នាក់ងាររបស់អង្គភាពព័ត័មាន Fresh News បាននាំយកអំណោយទាំងនេះទៅប្រគល់ជូនកីឡាករ ឡុង ជិន ដល់ផ្ទះកាលពីវេលាម៉ោង ២៖១០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា កីឡាករ ឡុង ជិន មានឈ្មោះដើម ចាន់ ជិន អាយុ២៧ឆ្នាំ គឺជាកីឡាករប្រដាល់សេរីគុណខ្មែរមួយរូបដែលធ្លាប់បានឡើងប្រកួតលើសង្វៀនជាច្រើនមកហើយ។ កីឡាកររូបនេះមានប្រពន្ធឈ្មោះ ភា ស្រីមួយ អាយុ២៤ឆ្នាំ មានកូនអាយុ២ឆ្នាំ២ខែម្នាក់ ហើយប្រពន្ធក៏កំពុងតែមានផ្ទៃពោះកូនទីពីរ ៧ខែផងដែរ។សព្វថ្ងៃមានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ទោះបីជាធ្លាប់ឡើងប្រដាល់ច្រើនលើករហូតមានគាំទ្រច្រើនមានឈ្មោះបោះសម្លេងច្រើនគួរសមក្ដី ប៉ុន្តែកីឡាកររូបនេះនៅតែមានជីវភាពខ្វះខាតមិនធូរធានោះទេ ផ្ទះដែលគាត់ និងប្រពន្ធកូនរស់នៅក្នុងផ្ទះឈើតូចមួយ ដែលសង់ពីឈើខ្ពស់ផុតពីដីបន្តិចប៉ុណ្ណោះ។ ដោយដំបូល និងជញ្ជាំងបិទបាំងដោយស័ង្កសី តែជាអកុសលផ្ទះនេះត្រូវបានខ្យល់បក់បោកបណ្ដាលឲ្យដួលរលំខូចខាតទាំងស្រុងរងការខូចខាតខ្ទេចខ្ទីតែម្ដង។

ខណៈនោះជាសំណាងពុំបានបណ្ដាលឲ្យរូបគាត់រួមទាំងប្រពន្ធ និងកូនមានគ្រោះថ្នាក់នោះឡើយ ដោយមើលឃើញនូវទុក្ខលំបាកខ្វះខាតនេះហើយ បានធ្វើឲ្យលោក ហេង ឡាលីន និងភរិយា មានក្ដីអាណិតអាសូរយ៉ាងខ្លាំង ហើយដោយមិនអាមើលរំលងបាន លោកក៏បានចំណាយធន់ធានផ្ទាល់ខ្លួន ធ្វើជាអំណោយជូនដល់កីឡាកររូបនេះដើម្បីជួយសម្រាលដល់ការលំបាកខ្វះខាត មិនតែប៉ុណ្ណោះក៏មាន សប្បុរសជនមួយចំនួនផ្សេងទៀត ឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។

កីឡាករឡុង ជិន បានប្រាប់ឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានខ្យល់កន្រ្តាក់បក់បោកបណ្ដាលឲ្យបាក់រលំកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដែលនៅមុនពេលកើតហេតហេតុ ប្រពន្ធ និងកូនគាត់បានដាំបាយនៅក្រោមផ្ទះ។

ខណៈនោះស្រាប់តែមេឃងងឹតហើយក៏ស្រាប់តែមានខ្យល់គួចបក់បោកមកចំតែផ្ទះគាត់មួយ បណ្ដាលឲ្យរលំប៉ើងខ្ទេចខ្ទីដួលរាបដល់ដី រីឯផ្ទះអ្នកផ្សេងអត់បានដួលរលំដូចផ្ទះគាត់ទេ។

ពេលនោះសំណាងដែរដែលប្រពន្ធ និងកូនគាត់មិនអីហើយបាននាំគ្នាលូនចេញពីគំនរបាក់បែកដោយសុវត្ថិភាព បន្ទាប់មកដោយមានការអាណិតអាសូរក៏មានសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភដល់គាត់ជាបន្តបន្ទាប់ ហើយថ្ងៃនេះបានលោក ហេង ឡាលីន ជួយឧបត្ថម្ភដល់គាត់ផងដែរ។ គាត់ពិតជាមានភាពកក់ក្ដៅណាស់ហើយក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់សប្បុរសជនទាំងអស់ ជាពិសេសលោកហេង ឡាលីន និងភិយា ដែលបានជួយដល់គាត់ក្នុងពេលកំពុងជួបទុក្ខលំបាកនេះ៕