(បាលី)៖ ក្លិបបាល់ទាត់ វិសាខា របស់កម្ពុជា បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ក្រោយវាយបកលត់ក្រុមម្ចាស់ផ្ទះ Bali United ដោយលទ្ធផល ៥-២ សម្រាប់ការប្រកួតទី២ ក្នុងពូល G នៃពានរង្វាន់ AFC Cup 2022 នៅទឹកដីកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ។

ការប្រកួតដ៏កក្រើកនេះ Bali United បានស៊ុតគ្រាប់បាល់នាំមុខក្រុមតំណាងកម្ពុជា ១គ្រាប់មុននៅនាទីទី៩ ដោយកីឡាករ Irfan Jaya។ ប៉ុន្ដែមុនបញ្ចប់វគ្គទី១ វិសាខា បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់វិញដោយកីឡាករ Paulo Victor នៅនាទី១៧ និងការទាត់បាល់ហ្វ្រីឃីតដ៏ល្អរបស់ខ្សែការពារ អ៊ុក សុវណ្ណ នៅនាទី៤៥។

ចូលវគ្គទី២ ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យ វិសាខា ធ្វើបានកាន់តែល្អ ដោយរកបាន ២គ្រាប់បន្ថែមទៀត ពីសំណាក់កីឡាករកូរ៉េខាងត្បូង Lee Jaegun នៅនាទី៥៥ និងកីឡាករ Paulo Victor នៅនាទី៦៣ មុនអតីតកីឡាករព្រះខ័នរាជស្វាយរៀង Privat រកបាន ១គ្រាប់ឲ្យក្រុម Bali United វិញ នៅនាទី៨៥ ។ ប៉ុន្ដែមុនបញ្ចប់ការប្រកួត អ៊ុក សុវណ្ណ បានស៊ុតបន្ថែម ១គ្រាប់ទៀត ដើម្បីធានា ៣ពិន្ទុជូនក្រុមតែម្ដង ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមវិសាខា ឈរកំពូលតារាងពូល G ជាបណ្ដោះអាសន្ន ហើយក៏មានឱកាសច្រើន ដើម្បីឡើងទៅជុំបន្ទាប់ ក្រោយរកបាន ៦ពិន្ទុពេញ ពីជ័យជម្នះ ២ប្រកួតផ្ទួនៗ ខណៈប្រកួតដំបូង គឺក្រុមវិសាខា បានយកឈ្នះក្រុមហ្វីលីពីន Kaya FC ដោយលទ្ធផល ២-១ ។ យ៉ាងណាក្ដី វិសាខា នៅសល់ការប្រកួត ១ប្រកួតទៀត ដោយត្រូវជួបក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី នាថ្ងៃទី៣០ ខែមិថុនាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ីដដែល ៕