(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសថានឹង ឈប់គាំទ្រ Window 8.1 ចាប់ពីដើមឆ្នាំ២០២៣ ខាងមុខនេះតទៅ ក្រោយពីបើកដំណើរការអស់រយៈពេលជាង១០ ឆ្នាំ។ ដូច្នេះសម្រាប់អ្នកដែលមិនទាន់ធ្វើការអាប់ដេត Windows អាចពិចារណាក្នុងការអាប់ដេតទៅប្រើ Windows ផ្សេងបាន។
នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ The Verge នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
កាលពីដើមខែនេះក្រុមហ៊ុន Microsoft ទើបតែសម្រេចបញ្ចប់ជីវិត Internet Explorer ដែលដាក់ដំណើរការលើ Windows 10 ដោយការបញ្ចប់ជីវិតនេះមិនទាន់បានប៉ុន្មានផងស្រាប់តែថ្មីៗនេះ Windows 8.1 មួយទៀតដែលត្រូវបានក្រុមហ៊ុនយក្សនេះប្រកាសបិទបន្ទាប់។ ខណៈពេលដែល Windows 8.1 នេះនឹងត្រូវបានបិទ ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
មូលហេតុនៃការសម្រេចបញ្ចប់ដំណើរការ Windows 8.1 នេះក៏ដោយសារតែវាមិនអាចបំពេញតម្រូវការផ្នែក Hardware សម្រាប់តំឡើងកំណែទៅ Windows 11បាន។ ដូច្នេះជាជម្រើសជំនួស កុំព្យូទ័រដែលអាចប្រើជាមួយ Windows 8 និង 8.1 បាននោះគឺអាចត្រូវបានដំឡើងកំណែទៅ Windows 10 ជាមុនសិនតាមរយៈការបញ្ជាទិញ ឬក៏សម្រេចទិញកុំព្យូទ័រថ្មីតែម្តងក៏ព្រោះតែម៉ាស៊ីន Windows 8.1ភាគច្រើននឹងមិនគាំទ្រជាមួយ Windows 11 នោះឡើយ។ ទាំងនេះក៏ដោយសារតែតម្រូវការ CPU ដ៏តឹងរឹងរបស់ Microsoft ផងដែរ។
គួរបញ្ជាក់ផងដែរថា Windows 8.1 ត្រូវបានក្រុមហ៊ុន Microsoft ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ ខណៈបច្ចុប្បន្ននេះ Microsoft បានចេញដំណើរការដល់ Window 11 ហើយ ក៏ប៉ុន្តែមិនសូវមានអ្នកប្រើដូចទៅនឹង Window 10 នោះទេ៕