(ឡុងដ៍)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់កំពូលពិភពលោក Formula 1 បានបង្កើតប្រេងឥន្ធនៈសំយោគនិរន្តរភាព ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅក្នុងឆ្នាំ២០២៦ ខាងមុខ ជាផ្នែកមួយនៃកម្មវិធីរបស់ខ្លួនដែលគ្មានឧស្ម័នបំពុលបរិយាកាស (Net-zero carbon) នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
ឥន្ធនៈសំយោគ គឺត្រូវបានផលិតឡើងដោយដំណើរការឧស្សាហកម្មមួយ ហើយអាចប្រើប្រាស់បាននៅក្នុងម៉ាស៊ីនចំហេះខាងក្នុងមានស្តង់ដារ និងអាចជួយដល់ឧស្សាហកម្មរថយន្តពីការបំពុលបរិយាកាសទៀតផង។
សម្រាប់ F1 នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងម៉ាស៊ីនកូនកាត់ (Hybrid) ជំនាន់ថ្មីចាប់ពីឆ្នាំ២០២៦ ខាងមុខតទៅ។
សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ឥន្ធនៈសំយោគនេះបាននឹងកំពុងផលិតរួចរាល់ហើយ ជាមួយនឹងការគាំទ្រពីសំណាក់ស្ថាប័នគ្រប់គ្រង FIA និងដៃគូឥន្ធនៈរបស់ F1 ព្រមទាំងក្រុមហ៊ុនផលិតម៉ាស៊ីនដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០២០ រថយន្តអគ្គីសនី ឬក៏រថយន្ត Hybrid បានផលិតឡើងមានចំនួនត្រឹមតែ ១ភាគរយប៉ុណ្ណោះនៃរថយន្តទាំងអស់ នៅជុំវិញពិភពលោក៕