(បរទេស)៖ ថ្មីៗនេះតារា TikTok ល្បីឈ្មោះ លោក Khaby Lame បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនឯង ដោយបានឈានឡើងលើលំដាប់កំពូលមានអ្នក Follow ក្នុង TikToK ច្រើនបំផុតលើពិភពលោក បន្ទាប់ពីទម្លាក់ តារា Charli D’Amelio ឲ្យមកឈរនៅលេខរៀងទី២វិញ។ តែយ៉ាងណា ប្រាក់ចំណូលដែលលោកទទួលបាន ត្រូវបានគេដឹងថា មានចំនួនតិចជាង អ្នកដែលឈរនៅលេខរៀងទី២ គឺតារា Charli D’Amelio។

បើតាម Mashable បានឲ្យដឹងថា Lame បច្ចុប្បន្នរស់នៅប្រទេសអ៉ីតាលី បានបង្កើតប្រវត្តិសាស្ត្រថ្មី នៅពេលដែលលោកទទួលបានចំនួន Follower ១៤៣លាននាក់លើ TikTok លើស កញ្ញា D’Amelio ដែលមានចំនួន១៤២លាននាក់ ដែលធ្វើឲ្យលោកក្លាយជាអ្នកមាន Follower ច្រើនបំផុតលើពិភពលោក។ តែយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ពី Forbes បានឲ្យដឹងថា D’Amelio ដែលឈរនៅលេខរៀងទី២ រកប្រាក់បានចំនួន១៧.៥លានដុល្លារ ពី TikTok តែម្នាក់ឯង ខណៈ Lame រកបានតែ ៥លានដុល្លារប៉ុណ្ណោះ។

ទោះជាបែបនេះក្តី វាមិនមែនជារឿងដែលចម្លែកនោះទេ ព្រោះតារា TikTok របស់អាមេរិក D’Amelio ទទួលបានប្រាក់ចំណូលច្រើនជាង ព្រោះក្រុមគ្រួសាររបស់នាងជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយមួយ ហើយនាងថែមទាំងមានក្រុមហ៊ុន សម្លៀកបំពាក់ប្រេនផ្ទាល់ខ្លួនផងដែរ។ បើប្រៀបធៀបនឹង Khaby Lame អាចនិយាយបានថា លោកទើបតែចាប់ផ្តើមបោះជំហានជាអ្នកបង្កើតមាតិកាប៉ុណ្ណោះ តែទទួលបានជោគជ័យយ៉ាងធំធេង។

បើទោះបីជាខ្លួនធ្លាក់មកនៅលេខរៀងទី២ នៃអ្នកមានចំនួន Follower ច្រើនជាងគេលើ TikTok ក៏ដោយ ក៏ D’Amelio មានភាពរីករាយដែរ។ តាមរយៈចូលរួមក្នុងកម្មវិធីមួយ នាងនិយាយថា នាងបានទទួលតំណាងលេខ១ អស់រយៈពេល២ឆ្នាំហើយ ហើយពេលនេះ គឺស័ក្កិសមដែលមានមនុស្សថ្មីមកទទួលតំណែងនេះវិញម្ដង ហើយនាងមានមោទនភាពទៅលើ Khaby Lame ដែលមកឈរក្នុងតំណែងរបស់នាង៕