(បរទេស)៖ បណ្ដាញសង្គមរូបភាព Instagram កំពុងសាកល្បងវិធីថ្មី ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ ក្នុងគោលបំណងស្វែងរកអ្នកប្រើប្រាស់ដែលមានអាយុតិច ឬក្មេង ហើយវិធីនៃការផ្ទៀតផ្ទាត់នោះក៏មាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលជាអ្នកវិភាគទៅលើរូបថត និងប៉ាន់ស្មានអាយុអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

Meta ដែលជាមេធំរបស់ Instagram បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា AI គឺជាវិធីសាស្រ្តថ្មីមួយក្នុងចំណោមវិធីសាស្រ្តថ្មីចំនួនបី ដែលកំពុងធ្វើតេស្តដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់នៅលើគេហទំព័រចែករំលែករូបថតមួយនេះ (Instagram)។ អ្នកប្រើប្រាស់នឹងតម្រូវឱ្យប្រើជម្រើសមួយដើម្បីផ្ទៀងផ្ទាត់អាយុរបស់ពួកគេ ប្រសិនបើពួកគេកែសម្រួលថ្ងៃខែឆ្នាំកំណើតរបស់ពួកគេនៅលើ Instagram ចាប់ពីអាយុក្រោម ១៨ ឆ្នាំ ដល់លើសពី ១៨ឆ្នាំ។

Instagram កំពុងសាកល្បងជម្រើសទាំងនេះ ជាលើកដំបូងជាមួយអ្នកប្រើប្រាស់របស់ខ្លួននៅសហរដ្ឋអាមេរិក។ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ជាក់អាយុរបស់ពួកគេ នៅពេលពួកគេចាប់ផ្តើមប្រើប្រាស់ Instagram និងប្រើប្រាស់ AI ក្នុងវិធីផ្សេងទៀតដើម្បីកំណត់ថាតើអ្នកប្រើប្រាស់ជាកុមារ ឬមនុស្សពេញវ័យ។

ការប្រើប្រាស់ AI នេះវាគឺជា គឺជាផ្នែកមួយនៃការជំរុញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យប្រាកដថាអ្នកប្រើប្រាស់វ័យក្មេងបំផុតស្ថិតនៅក្នុងអាយុ កម្រិតណា ហើយក៏ដើម្បីងាយស្រួលធ្វើការកំណត់មាតិកាដែលសមស្របទៅតាមអាយុ របស់ពួកគេផងដែរ។
វិធានការថ្មីនេះ បានធ្វើឡើងក្រោយមានការព្រួយបារម្ភអំពីផលប៉ះពាល់របស់វេទិកាលើអ្នកប្រើប្រាស់វ័យក្មេង ខណៈដែល កាលពីឆ្នាំមុន Instagram បានរងការរិះគន់នៅពេលដែលឯកសារលេចធ្លាយមកថា Instagram បានធ្វើខូចសុខភាពផ្លូវចិត្ត និងរាងកាយ ដល់អ្នកប្រើប្រាស់ ជាពិសេសក្នុងចំណោមក្មេងស្រីជំទង់។

អ្នកជំនាញខាងបច្ចេកវិទ្យាឈ្មោះថា Yoti បានលើកឡើងថា Instagram គួរតែធ្វើការផ្ទៀតផ្ទាត់អាយុរបស់ អ្នកប្រើប្រាស់នៅពេលថតវីដេអូ ឬរូបថត Selfie តាមរយៈបច្ចេកវិទ្យា AI ព្រោះការធ្វើបែបនេះ វាងាយស្រួលក្នុងការផ្ទៀតផ្ទាត់ ប៉ុន្តែ Instagram បានពន្យល់វិញថា ការធ្វើបែបនោះអាច នឹងចូលក្នុងលក្ខខណ្ឌរំលោភលើ ឯកជនភាពរបស់អ្នកប្រើប្រាស់។

ការផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់អាចជាបញ្ហាដ៏គួរឱ្យធុញទ្រាន់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ដោយសារតែអ្នកប្រើប្រាស់ជាច្រើនអាចមិនមានរូបថតអត្តសញ្ញាណប័ណ្ណ ដែលចេញដោយរដ្ឋាភិបាល៕