(បរទេស)៖ គោលដៅលក់ស្មាតហ្វូនដ៏មានមហិច្ឆតារបស់ Samsung ហាក់ដូចជាមិនរីកចម្រើនដូចការគ្រោងទុកសម្រាប់ឆ្នាំ២០២២នេះ។ ខណៈរបាយការណ៍ថ្មីៗនេះដោយ The Elec បង្ហាញថាស្មាតហ្វូនទាំងអស់នោះ មានប្រហែលជា ៥០ លានគ្រឿងដែលកំពុងជាប់គាំងនៅក្នុងស្តុករបស់អ្នកចែកចាយទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈរបាយការណ៍ពីប្រភពដដែល បានបង្ហាញថា Samsung មានគោលដៅផលិតដំបូងចំនួន ៣៣០ លានគ្រឿងនៅឆ្នាំ ២០២២។ ជាមួយនឹងទីផ្សារធ្លាក់ចុះនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះដោយសារតែការបិទរោងចក្រនៅក្នុងប្រទេសចិន និងសង្រ្គាមនៅអ៊ុយក្រែន ចំនួននេះត្រូវបានកែតម្រូវឡើងវិញមកនៅត្រឹមតែ ២៧០ លានគ្រឿងប៉ុណ្ណោះ។ តែយ៉ាងណាមិញតាមការបង្ហាញនោះ ឃើញថាមានស្មាតហ្វូនជាង ៥០លានគ្រឿងកំពុងតែជាប់គាំង ដែលមិនទាន់បានលក់ ពោលគឺមានប្រហែល ១៨ភាគរយនៃគោលដៅដាក់លក់នោះ។

ដោយសារតែការជាប់គាំងក្នុងចំនួនដ៏ច្រើនបែបនេះ បានជំរុញឱ្យក្រុមហ៊ុន Samsung កាត់បន្ថយសមត្ថភាពផលិតរបស់ខ្លួន និងកាត់បន្ថយសមាសធាតុដែលត្រូវការសម្រាប់ផលិតស្មាតហ្វូន។ ខណៈដែលគោលដៅរបស់ក្រុមហ៊ុនយក្សនេះកាលពីខែមករា និងខែកុម្ភៈ ផលិតរហូតដល់ទៅ២០លានគ្រឿងត្រឹមរយៈពេល ១ខែ ប៉ុន្តែនៅក្នុងខែឧសភាវិញក្រុមហ៊ុននេះកាត់បន្ថយមកផលិតត្រឹមតែ១០ លានគ្រឿងប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ស្មាតហ្វូនដែលជាប់គាំងនោះរួមមានម៉ូដែល Galaxy A កម្រិតមធ្យម ត្រកូល Galaxy S និង Galaxy Z កម្រិតខ្ពស់ដែលរួមមានម៉ូដែល Galaxy S22 និង Galaxy Z Flip 3។ ម្យ៉ាងវិញទៀតតម្រូវការស្មាតហ្វូនទំាងនេះថយចុះ ក៏ទំនងជាដោយសារតែពួកគេកាត់បន្ថយមុខងារពិសេសៗដូចជារន្ឋដោយកាត micro SD និងរន្ធដោតអូឌីយ៉ូ 3.5 mm ផងដែរ៕