(ភ្នំពេញ)៖ លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ត្រូវដាក់ចិត្តខំប្រឹងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យក្លាយជាកីឡាករ-កីឡាការិនីកម្រិតខ្ពស់ និងមានឱកាសរួមគ្នាសាងប្រវត្តិសាស្ដ្រថ្មីនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាវាយសី នៃការប្រកួតកីឡាឧត្តមសិក្សា និងធម្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ក្រោយដំណើរការប្រកួតអស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២២ នេះ។

លោកបានវាយតម្លៃខ្ពស់ ចំពោះព្រឹត្តិការណ៍ថ្នាក់ជាតិខាងលើ ដ្បិតជាលើកដំបូងហើយ ដែលសហព័ន្ធបានរៀបចំការប្រកួតកីឡាវាយសីឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ដើម្បីជ្រើសរើសយកថ្នាលល្អៗ មកបណ្ដុះជាកីឡាករ-កីឡាការិនីមានទេពកោសល្យខ្ពស់នាពេលអនាគត។

លោក លី កុសល បន្ដថា «ខ្ញុំសូមផ្ដាំផ្ញើដល់ក្មួយៗកីឡាករ-កីឡាការិនីជយលាភី និងអ្នកមិនទាន់ដណ្ដើមបានមេដាយក្ដី សូមកុំបង្អង់ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករមានសិទ្ធផលខ្ពស់ទាំងកីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្ដាល ចៅក្រម ដើម្បីមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ រួមគ្នាសាងប្រវត្តិសាស្ដ្រថ្មី ស្របពេលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងចូលរួមការប្រកួតនានា ដោយស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ»

ដូចគ្នានោះដែរលោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦១នាក់ មកពីគ្រឹះស្ថានអប់រំចំនួន១០ និងធ្វើការប្រកួតលើ ៥វិញ្ញាសា។ ជាលទ្ធផលការប្រកួតក្រុមកីឡាវាយសីវិទ្យាស្ថានខេមអេដ ឈ្នះមេដាយច្រើនជាងគេ រួមមានមេដាយមាស ២ និងសំរឹទ្ធ២ ខណៈវេស្ទើន ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ ឈរលេខ៣, វិទ្យាស្ថានពុទ្ធិកៈ ឈ្នះមេដាយមាស១ និងប្រាក់១ ឈរលេខ៣ និងវិទ្យាស្ថានបូលីណូ ឈ្នះមេដាយមាស១ ឈរលេខ៤៕