(បរទេស)៖ បន្ទាប់ពីដំណើរការអស់រយៈពេល ១២ឆ្នាំ ថ្មីៗនេះក្រុមហ៊ុន Pinterest Inc បានប្រកាសឱ្យដឹងថា នាយកប្រតិបត្តិ (CEO) លោក Ben Silbermann នឹងលាឈប់ពីដំណែង ដោយទៅកាន់តួនាទីថ្មីជំនួសវិញ។ ខណៈតួនាទីគ្រប់គ្រង Platform បណ្តាញសង្គមនេះ នឹងត្រូវប្រគល់ទៅឱ្យអ្នកជំនាញខាងពាណិជ្ជកម្មរបស់ Google ជាអ្នកកាន់កាប់បន្ទាប់។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

អ្នកទទួលដំណែងបន្ទាប់នោះគឺលោក Bill Ready ដែលជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Google នឹងត្រូវឡើងកាន់ដំណែងបន្ទាប់ពីនាយកប្រតិបត្តិរូបនេះ ខណៈដែលលោក ក៏ជាអ្នកទទួលបន្ទុកដឹកនាំជាន់ខ្ពស់នៅ PayPal ផងដែរ។

លោក Silbermann បានឡើងកាន់តំណែងជា CEO នៅក្នុងក្រុមហ៊ុនមួយនេះអស់រយៈពេល ១២ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១០ មកម្លេះ នៅពេលដែល Pinterest ទើបតែលេចចេញវត្តមានជាលើកដំបូង។ ហើយ Pinterest ក៏បានរីកចម្រើនធំធាត់យ៉ាងឆាប់រហ័សចាប់តាំងពីពេលនោះមក ដោយបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង ៤៣០លាននាក់ឯណោះ។

បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឱ្យដឹងថា អតីត CEO រូបនេះមានវ័យ ៣៩ឆ្នាំ លោកនឹងត្រូវបានផ្លាស់ប្តូរឱ្យទៅកាន់តួនាទីថ្មីជាប្រធានប្រតិបត្តិ និងរក្សាកៅអីក្រុមប្រឹក្សាភិបាល ហើយជាមួយគ្នានេះលោក Ready ក៏នឹងចូលរួមជាមួយក្រុមប្រឹក្សាភិបាលផងដែរ។ ដោយឡែកការតែងតាំងនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។

គួរជម្រាបដែរថា CEO ថ្មីនេះនឹងទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ៤០ម៉ឺនដុល្លារ រួមទាំងសិទ្ធិទទួលបានពានរង្វាន់ជម្រើសភាគហ៊ុនដើម្បីទិញភាគហ៊ុន Class A ប្រហែល ៨.៦លានហ៊ុនថែមទៀតផង៕