(កូរ៉េ)៖ តារាប្រុសល្បីឈ្មោះរបស់កូរ៉េ ដែលទស្សនិកជនស្គាល់ថា ជាអតីតសមាជិក BigBang គឺ លោក Seungri ត្រូវបានប្រជាជនកូរ៉េបោះឆ្នោតក្នុងសំឡេងភាគច្រើន ថាមិនគួរត្រឡប់ចូលក្នុងវិស័យសិល្បៈវិញទេ ខណៈបច្ចុប្បន្នតារារូបនេះ ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ ដោយសារបទល្មើសជាច្រើន ជាពិសេសគឺពាក់ព័ន្ធអំពើរំលោភបំពានផ្លូវភេទ គ្រឿងញៀន ល្បែងស៉ីសងជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

បើតាម Real Research Korea ជាកម្មវិធីមួយដែលអនុញ្ញាតឲ្យពលរដ្ឋកូរ៉េបោះឆ្នោតលើប្រធានបទជាច្រើនក្នុងគោលបំណងប្រមូលទិន្នន័យសម្រាប់យកមកស្រាវជ្រាវ។ ថ្មីៗនេះ កម្មវិធីនេះបានធ្វើការស្ទង់មតិមួយឲ្យប្រជាជនកូរ៉េបោះឆ្នោតថា តើតារាកូរ៉េណាដែលមានរឿងអាស្រូវផ្សេងៗកន្លងមក មិនគួរត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកកាន់ឧស្សាហកម្មកម្សាន្តវិញនោះ។ បន្ទាប់ពីការបោះឆ្នោតបានចំនួន ៣,៥០៧សំឡេង ចន្លោះថ្ងៃទី៩ ខែឧសភាដល់ថ្ងៃទី១៦ ខែឧសភា។

ជាលទ្ធផលបង្ហាញថា ក្នុងចំណោមតារាជាច្រើន Seungri ទទួលបានភាគរយច្រើនជាងគេ ដែលត្រូវបានពលរដ្ឋកូរ៉េ មិនគាំទ្រឲ្យចូលសិល្បៈវិញ ជាមួយភាគរយៈ ៦៦.៤%។

គួរជម្រាបថា តុលាការកំពូលរបស់កូរ៉េខាងត្បូងបានបើកសវនាការនាពេលថ្មីៗកន្លងទៅនេះ និងបានច្រានចោលទាំងបណ្តឹងឧទ្ធរណ៍របស់ Seungri ដែលសុំបន្ធូរបន្ថយទោស ខណៈតារារូបនេះ ត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារយៈពេល១៨ខែទៀត ជុំវិញបទល្មើសខុសច្បាប់ជាច្រើនរួមមានដូចជា ករណីពេស្យាចារ និងការលេងល្បែងស៊ីសង ដែលជាបទល្មើស២ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន ៩ទៀត។ យ៉ាងណាមិញ សម្រាប់បទល្មើសរបស់ Seungri នៅក្លឹប Burning Sun គឺពាក់ព័ន្ធនឹងការរួមភេទ គ្រឿងញៀន និងបទល្មើសមួយចំនួនទៀត ដែលត្រូវបានគេរកឃើញក្នុងឆ្នាំ ២០១៩៕